ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ចូលលួចលុយគេបានសម្រេចម្ដងហើយ ញ៉ាមលើកក្រោយមកលួចម្ដងទៀត ត្រូវ
ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ចូលលួចលុយគេបានសម្រេចម្ដងហើយ ញ៉ាមលើកក្រោយមកលួចម្ដងទៀត ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច
ខេត្តកណ្ដាល: ករណីនេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ពិន សុផុន ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ រ៉េត ស៊ីនួន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុក ពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២ រំលងអធ្រាត្រ ជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងផ្ទះជាមួយក្រុមគ្រួសារ ពេលនោះស្រាប់តែជនសង្ស័យបានដើរពីផ្ទះរបស់ខ្លួនទៅផ្ទះជនរងគ្រោះដែលមានចម្ងាយ ប្រហែល ១០០ ម៉ែត្រពីគ្នា។ ពេលទៅដល់ផ្ទះជនរងគ្រោះ ជនសង្ស័យបានដើរទៅខាងក្រោយផ្ទះហើយដើរចូលតាមក្រោយ រួចលូកដៃដកគន្លឹះទ្វារខាងក្រោយផ្ទះដើរលបៗចូលទៅក្នុងផ្ទះ ដោយទ្វារខាងក្នុងផ្ទះពុំបានចាក់សោឡើយ ខណៈនោះ ជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះនៅក្នុងកាបូប ចំនួន៣០ម៉ឺនរៀល និងទឹកអប់ចំនួន១ ដប ។ បន្ទាប់ពីសកម្មភាពរួច ជនសង្ស័យ បានយកលុយនោះទៅដើរស៊ីចាយអស់ទៅ។
លុះមកដល់យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ៣ ទៀបភ្លឺ ជនសង្ស័យបានចូលមកធ្វើសកម្មភាពលួចលុយនៅក្នុងកាបូបរបស់ជនរងគ្រោះ ដែលទុកនៅកន្លែងដេកក្បែរខ្លួនរបស់ជនរងគ្រោះម្តងទៀត ប៉ុន្តែពេលនោះ ជនរងគ្រោះបានដឹងខ្លួនទាន់ស្រែកថាចោរៗ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង។ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣៥នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន។ បន្ទាប់មកនៅវេលាម៉ោង ១៥និ៣៥នាទី រសៀល ថ្ងៃ ខែ ឆ្នាំ ដដែល ជនរងគ្រោះ បានប្រទះឃើញជនសង្ស័យនៅកន្លែងបុកប៊ីយ៉ាក្នុងភូមិ ក៏បានតេទូរស័ព្ទ ប្ដឹងនគរបាលប៉ុស្តិ៍កោះចិន។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍កោះចិនចុះទៅនាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ ។ ជនសង្ស័យបានឆ្លើយសារភាពថា កន្លងមករូបខ្លួន ធ្លាប់ធ្វើសកម្មភាពលួចមាន់អ្នកភូមិ បានចំនួន០៤លើក និងលួចទូរស័ព្ទចំនួន០១ លើក។ ជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី ៕