សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកោតសរសើរចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ទទូចសូមការសណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមី
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការកោតសរសើរចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ទទូចសូមការសណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមី
(ភ្នំពេញ)៖ បន្ទាប់ពីស្វាមីបានត្រឡប់មកដល់ផ្ទះវិញ អ្នកស្រី សុផាត មករា បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ដែលបានផ្តល់ក្តីមេត្តាសណ្តោសប្រណីចំពោះស្វាមីរបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការកោតសរសើរចំពោះទឹកចិត្ត និងភាពវៃឆ្លាតភរិយារបស់លោក យឹម ស៊ីណន ទទូចសូមការសណ្តោសប្រណីពីសម្តេច ហើយមិនរត់ទៅពឹងបរទេសឱ្យជួយស្វាមីរបស់ខ្លួន។
អ្នកស្រី សុផាត មករា បានសរសេររៀបរាប់ដូច្នេះ «សូមគោរពសម្តេចពុកជាទីគោរព ប្តីរបស់កូនបានមកដល់ផ្ទះវិញហេីយ។ ពេលនេះ គាត់បានជួបកូនៗគាត់វិញហេីយ កូនសូមក្រាបថ្វាយបង្គំថ្លែងអំណរគុណ ដល់សម្តេចពុក ដែលលោកបានសណ្តោសប្រណី អាណិតអាសូរដល់គ្រួសារដ៏កម្សត់មួយនេះ កូនស្រីនិ ងក្រុមគ្រួសារទាំងអស់ សូមថ្លែងអំណរគុណដល់ សម្តេចពុក និង សូមជូនពរសម្តេចពុក ទទួលបានសុខភាពល្អ រឹងមាំ គង់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ»។
តបនៅក្នុងសារនោះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា លោក យឹម ស៊ីណន ពិតជាសំណាងណាស់ ដែលមានភរិយាដ៏ល្អ។ សម្តេចតេជោ ក៏បានសរសើរភរិយារបស់លោក ស៊ីណន ថា ពេលស្វាមីមានបញ្ហាផ្លូវច្បាប់ គឺមិនបានស្រែករកនរណាជួយក្រៅពីរកសម្តេច។ ជាពិសេសមិនបានរត់រកបរទេស ដាក់គំនៀបរាជរដ្ឋាភិបាល ជាថ្នូរនឹងសេរីភាពរបស់ស្វាមី។
សម្តេចតេជោ បានគូសបញ្ជាក់បែបនេះ «សុីណន កូនពិតជាមានសំណាងណាស់ដែ លមានភរិយាដ៏ល្អ។ ពេលកូនមានបញ្ហាខាងផ្លូវច្បាប់កូនស្រីមិនបានស្រែករកនរណា
ជួយក្រៅពីស្រែករកសម្តេចពុកជួយនោះឡើយ»។
សម្តេចតេជោ បានបន្ថែមថា «ពុកជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្សចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូន (ស៊ីណន) ហើយ ដែលភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឱ្យមក
គៀបសង្កត់រាជរដ្ឋាភិបាល ដើម្បីដោះលែងកូន។ ពុកជាមនុស្សក្បាលរឹង ជាមួយការ គៀបសង្កត់ពីបរទេស។ កាន់តែសង្កត់អ្នកជាប់ទោស ឬពិរុទ្ធជនជាប់គុក ឬជាប់ឃុំកាន់ តែយូរ។ គេត្រូវចងចាំលើចំណុចនេះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំពោរពេញដោយចិត្តមេត្តា និងសណ្តោសប្រណី បានរៀបរាប់ទៀតថា «ផ្ទុយពីអ្នកដទៃ ភរិយាកូននឹកឃើញមុនគេ គឺសុំឱ្យពុកជួយ ដូចនេះពេលឃើញភរិយាកូនបង្ហោះតាម Facebook និងឃើញកូនទទួលស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការ ដើម្បីឱ្យកូនបានចាកចេញទៅជួបប្រពន្ធកូនវិញ។ ចាត់ទុកជាសុបិនអាក្រក់ និងរំដោះគ្រោះក្នុងឆ្នាំចាស់ ដើម្បីសេចក្តីសុខ និងសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ»។
ក្នុងសំណេរនោះ សម្តេចតេជោ ហ៊ុន សែន បានជូនពរលោក ស៊ីណន និងភរិយា ព្រមទាំងកូនៗ បានជួបតែសេចក្តីសុខសេចក្តីចម្រើន។
សម្តេចតេជោ ក៏បានផ្តាំទៅពួកព្រូសក្រៅរបងផ្ទះ បើចង់ឱ្យមនុស្សជាប់ទោសបានយូរ
និងគ្មានការយោគយល់ពីសម្តេចនោះ សុំជេរសម្តេច ឱ្យបានច្រើនបន្តិច.
ភ្លាមៗនោះ អ្នកស្រី សុផាត មករា បានតបទៅសម្តេចតេជោវិញថា «សម្តេចពុកជាទីគោរព កូនពិតជារំភេីបណាស់ដែលពុក ផ្ញេីរសារមកកូន កូនពិតជាមានសំណាងណាស់ ដែលលោកពុកបារម្ភពីកូន។ មានតែលោកពុកម្នាក់គាត់ ដែលអាចជួយប្តីកូនមកជូនកូនៗគាត់វិញ កូនស្រីម្នាក់នេះ សូមថ្លែងអំណរគុណសម្តេចពុក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះ លោក យឹម ស៊ីណន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ថា ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការចោទប្រកាន់នេះ ក្រោយពេលលោក យឹម ស៊ីណន ចេញសារមួយពាក់ព័ន្ធនឹងព្រះមហាក្សត្រខ្មែរ។ តែនៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ តុលាការបានបង្គាប់ឱ្យដោះលែងវិញ ក្រោយពេលលោកទទួលស្គាល់កំហុស និងបានទូលថ្វាយសូមព្រះរាជទានទោសពីព្រះមហាក្សត្រ៕