Banner KNP Detail Top

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមន្ទីរពេទ្យបង្អែក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួនពីរអគារ ជាមួយការបំពាក់បរិក្ខារបម្រើការព្យាបាលដ៏ទំនើបៗ ជាច្រើន។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ មានផ្ទៃដី ១៩.៤០២ ម៉ែត្រការ៉េ ។ គម្រោង បាន ចាប់ផ្តើមសាងសង់អគារថ្មី ចំនួន២ និងជួសជុលអគារចាស់ចំនួន១។ អគារថ្មីទី១ មានទំហំ ១៨ ម៉ែត្រគុណនឹង ៦២ ម៉ែត្រ មានកម្ពស់ ៤ ជាន់ បើកការដ្ឋាន សាងសង់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានបន្ទប់ពិនិត្យជំងឺទូទៅ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់សម្រាកព្យាបាល បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ បន្ទប់អេកូសាស្ដ្រ បន្ទប់ X-Ray និងបានរៀបចំដាក់គ្រែសម្រាកព្យាបាលបានចំនួន ២០០ គ្រែ។
អគារថ្មីទី២ មានទំហំ ១៨ម៉ែត្រគុណនឹង ៦២ ម៉ែត្រ មានកម្ពស់ ៤ ជាន់ បើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានបញ្ចប់ការ សាងសង់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ មានបន្ទប់ពិនិត្យជំងឺទូទៅ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ បន្ទប់សម្រាកព្យាបាលទូទៅ បន្ទប់សម្ភព និងរោគស្ត្រី បន្ទប់ព្យាបាលជំងឺកុមារ បន្ទប់ព្យាបាលជំងឺមាត់ធ្មេញ បន្ទប់ពិសោធន៍វេជ្ជសាស្ត្រ ឃ្លាំងបរិក្ខារវេជ្ជសាស្ត្រ ឃ្លាំងឱសថ និងដាក់គ្រែស ម្រាកព្យាបាល បានចំនួន ២០០ គ្រែ ។ នៅជាន់ទី៣ នៃអគារថ្មី ទាំងពីរ មានបន្ទប់គ្រូពេទ្យ បន្ទប់វេជ្ជបណ្ឌិត បន្ទប់គ្រូពេទ្យប្រចាំការ និងបន្ទប់ស្នាក់នៅ សម្រាប់បុគ្គលិកដែលរស់នៅទីឆ្ងាយ។
អគារចាស់ ត្រូវបានជួសជុល និងកែលម្អឡើងវិញ និងប្រើប្រាស់ជាអគាររដ្ឋបាល ឃ្លាំងឱសថ ឃ្លាំងសម្ភារៈ និងអាហារដ្ឋាន ព្រមទាំងបានជួសជុលអគារចំនួន ១ អគារ សម្រាប់បំពាក់បរិក្ខារផលិតអុកស៊ីហ្សែន ។
ក្រៅពីនោះ គម្រោង ក៏បានសាងសង់ខ្លោងទ្វារធំ ចំនួន២ សាងសង់របងជុំវិញ មន្ទីរពេទ្យ សរុបប្រវែង ៥៥៨ ម៉ែត្រ សាងសង់ឡដុតកាកសំណល់វេជ្ជសាស្ត្រ ចំនួន១កន្លែង រៀបចំសួន និងដាំដើមធ្នង់ បានចំនួន ២៣១ ដើម ដើម្បីលើក កម្ពស់សោភ័ណភាព និងកិច្ចការពារបរិស្ថាន ព្រមទាំងរៀបចំចំណតរថយន្ត បានចំនួន ៣២ ចំណត និងជួសជុលអតី តអគារមណ្ឌលសុខភាព មានទំហំទទឹង ៩ម៉ែត្របណ្ដោយ ១២ ម៉ែត្រ ដាក់ម៉ាស៊ីនផលិតអុកស៊ីហ្សែន សម្រាប់បម្រើការ ផ្គត់ផ្គង់មន្ទីរពេទ្យ។
ជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា បានទទួ លសម្ភារ បរិក្ខារវេជ្ជសាស្ត្រ ដែលជាជំនួយឥតសំណង នៃមូលនិធិ KUSAN ONE (គូសាណូណេ) របស់រដ្ឋភិបាលជប៉ុន ចំនួន ១៧ ប្រភេទ ស្មើនឹង ៣៧ គ្រឿង សរុបជាទឹកប្រាក់ប្រមាណ ២៦៣.៧៦០ ដុល្លារ និងបានប្រែក្លាយទៅជា មន្ទីរពេទ្យមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងបំពាក់ដោយឧបករណ៍ ដ៏ទំនើបៗ។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ត្រូវបានធ្វើការអភិវឌ្ឍ និងដំឡើងកម្រិតជាមន្ទីរ ពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
មន្ទីរពេទ្យកម្រិត២នេះ បម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកជំងឺទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺវះកាត់ ផ្នែកជំងឺកុមារ ផ្នែកសម្ភពនិងរោគស្ត្រី ផ្នែកជំងឺ របេង ផ្នែកទន្តសាស្ត្រ ផ្នែករូបភាពវេជ្ជសាស្ត្រ ផ្នែកមន្ទីរពិសោធន៍ ផ្នែកឱសថ និងអនាគតពង្រីកសេវាផ្សេងៗ បន្ថែមទៀត។
មន្ទីរពេទ្យ ក៏បានធ្វើកិច្ចសហការជាមួយមន្ទីរពេទ្យជាតិ និងអង្គការដៃគូជាច្រើន ដើម្បីផ្តល់សេវាលើផ្នែកជំងឺ ដែលបានរៀបរាប់ខាងលើ ។ ក្រៅពីមានកិច្ចសហ ប្រតិបត្តិការ រវាងអង្គការដៃគូ និងមន្ទីរពេទ្យថ្នាក់ជាតិហើយនោះ មន្ទីរសុខាភិបា ល នៃរដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ត្បូងឃ្មុំ ចុះជួយទៅតាមផ្នែក តាមតម្រូវការជំនាញ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក៏បានបង្កើតបន្ថែម នូវសេវាមួយចំនួន ដូចជា ផ្នែកសុខភាពផ្លូវចិត្ត ដោយបាននឹងកំពុងបណ្តុះបណ្តាលបុគ្គលិកជំនាញ, ផ្នែកផ្តល់ថ្នាំពន្យារជីវិត (ARV) ជូនអ្នកជំងឺផ្ទុកមេរោគអេដស៍, មណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមនិងសេវាផ្សេងៗទៀត ដែលជាតម្រូវការ នៃការបម្រើសេវាដល់ប្រជាពលរដ្ឋ នៅក្នុងនិងក្រៅតំបន់ស្រុកក្រូចឆ្មារ ។
មន្ទីរពេទ្យនេះ មិនគ្រាន់តែផ្តល់សេវាសង្គ្រោះអ្នកជំងឺ ឬសេវាវះកាត់ ឬបញ្ជូន ប៉ុណ្ណោះទេ មន្ទីរពេទ្យនេះ ក៏នឹងក្លាយជាមន្ទីរពេទ្យអាចជួយបណ្តុះបណ្តាល និងបំពាក់បំប៉នសមត្ថភាពបុគ្គលិក នៅតាមស្រុកជិតខាងក្នុងខេត្តត្បូងឃ្មុំ និងខេត្តនៅជិតនេះ។
ទៅថ្ងៃក្រោយ នឹងមានការបញ្ជូនគ្រូពេទ្យជំនាញ ចុះជួយធ្វើការនៅក្នុងមន្ទីរពេទ្យ នេះ ដើម្បីឱ្យក្លាយជាមន្ទីរនពេទ្យមួយដ៏រឹងមាំ អាចគ្រប់គ្រង និងផ្តល់សេវាសំខាន់នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តជាប់ព្រំប្រទល់។
មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះ គឺជាមន្ទីរពេទ្យស្រុកដំបូងគេហើយ ដែលមាន សមត្ថភាពខ្ពស់ ក្នុងការព្យាបាលជំងឺ និងបំពាក់ដោយបរិក្ខារពេទ្យទំនើបៗ៕

អត្ថបទដែលជាប់ទាក់ទង