Banner KNP Detail Top

អ្នកនាង ខាត់ សុឃីម បានស្នើដល់ប្រធានវង់តន្ត្រីសម័យនានា សុំបញ្ឈប់ការទទួលលេងពេលព្រឹកនៅក្នុងពិធីការ ដើម្បីចៀសវាងការជួបបញ្ហា និងហានិភ័យនានា

អ្នកនាង ខាត់ សុឃីម បានស្នើដល់ប្រធានវង់តន្ត្រីសម័យនានា សុំបញ្ឈប់ការទទួលលេងពេលព្រឹកនៅក្នុងពិធីការ ដើម្បីចៀសវាងការជួបបញ្ហា និងហានិភ័យនានា

ភ្នំពេញ ៖ ការស្នើសុំពីអ្នកនាង ខាត់ សុឃីម នាពេលនេះបានធ្វើឡើង បន្ទាប់ពីកាលពីពេលថ្មីៗនេះមានក្រុមវង់តន្ត្រីមួយ បានជួបឧប្បទ្ទហេតុក្រឡាប់រថយន្តដឹកសម្ភារៈតន្ត្រីនៅតាមដងផ្លូវ ក្នុងការដំណើរទៅលេងនៅក្នុងពិធីការមួយ ដែលមានការជួលឲ្យលេងកំដរភ្ញៀវហូបបបរពេលព្រឹក ក្នុងពេលហេតុការណ៍នេះបានធ្វើឲ្យមនុស្សមួយចំនួនដែលនៅក្នុងឡានបានរងរបួសធ្ងន់-ស្រាលផងដែរ។
ឆ្លងកាត់ហេតុការណ៍នេះ ក៏មានប្រធានវង់តន្ត្រីមួយដែលមានមូលដ្ឋានក្នុងខេត្តកំពង់ចាម បានចេញមុខស្នើសុំដល់អជ្ញាធរខេត្ត ឲ្យមានវិធានការចំពោះបញ្ហានេះ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមានបញ្ហានេះកើតឡើងជាបន្តទៀត។
បើតាមលោក និល ច័ន្ទរតនា ដែលជាម្ចាស់វង់តន្ត្រីក្នុងខេត្តកំពង់ចាម បានលើកឡើងតាមបណ្តាញសង្គមថា យើងខ្ញុំជាសិល្បករ សិល្បការិនី ជាតន្ត្រីករ តន្ត្រីការិនីផ្នែកតន្ត្រីសម័យ ដែលរស់នៅក្នុងខេត្តកំពង់ចាម នឹងមកពីបណ្តាខេត្តនានា ដែលបានទៅបំរើការសិល្បៈមហាជនទូទៅនៅក្នុងខេត្តកំពង់ចាម កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃអាយុជីវិតរបស់យើងខ្ញុំ។
មូលហេតុដូចបានជំរាបនេះហើយ ដែលធ្វើអោយយើងខ្ញុំត្រូវចេញដំណើរ មិនថាថ្ងៃ ឬយប់ ម៉ោងប៉ន្មានក៏ដោយ គឺត្រូវទៅរៀបចំឆាកអោយទាន់វេលាហែកំណត់ជាកំហិត ដូច្នេះវាបានធ្វើអោយរងការប៉ះពាល់ជាច្រើនដល់ការធ្វើដំណើរដូចជា ៖ អត់ងងុយ សម្រាកមិនគ្រប់គ្រាន់ ព្រោះត្រូវធ្វើដំណើរតាមផ្លូវមិនថាជិតឆ្ងាយ គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីតៃកុងប្រញាប់ តៃកុងអត់ងងុយ ខ្យល់គរស្លា.ប់ ហើយអ្នកខ្លះឈានដល់ការប្រើប្រាស់គ្រឿងញៀនដែលវាអាចជួយមិនអោយដេកលក់បាន និងមានមូលហេតុផ្សេងៗទៀតដែលយើងខ្ញុំរៀបរាប់មិនអស់។


លោកបន្ថែមទៀតថា យើងខ្ញុំសុំសំណូមពរពីលោកគណៈអភិបាលខេត្តកំពង់ចាម មេត្តាលោកជួយបញ្ចប់នៅកំហុសឆ្គងទាំងអស់នេះផង គឺសុំអោយលោកគណៈអភិបាលចេញលិខិតបង្គាប់ជូនលោកចៅហ្វាយស្រុក លោកមេឃុំ លោកនាយប៉ុស្តិ៍ អោយចុះជូនដំណឹងមិនអោយមានការប្រគំតន្ត្រីសម័យទទួលហែកំណត់ពេលព្រឹកជាដាច់ខាត ហើយជាពិសេសសុំជូនដំណឹងដល់លោកថៅកែភ្លេងសម័យអោយបានដឹងគ្រប់ៗផង។
ស្រដៀងគ្នានេះ តារាស្រីអ្នកនាង ខាត់ សុឃីម ក្នុងនាមជាអ្នកប្រកបរបរដូចគ្នានេះម្នាក់ផងដែរនោះ ក៏បានស្នើសុំម្ចាស់វង់តន្ត្រីសម័យនានា គួរបញ្ឈប់ការទទួលលេងពេលព្រឹកនេះ ដើម្បីចៀសវាងការជួបហានិភ័យដូចខាងលើ។
អ្នកនាងបានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ជីវិតរស់ ១ថ្ងៃណាក៏ដើម្បីគេដែលមិនដែលគិតពីសុខទុក្ខខ្លួនឯងទេ។ ខ្ញុំជឿថា បើយើងសិល្បៈធ្វើរឿង១នេះបាន គឺដើម្បីខ្លួនយើងខ្លះហើយ (ខ្ញុំជាមេ អាហ្វែម្នាក់ដែរ ខ្ញុំមិនដែលទទួលបបរព្រឹកទេ គេមិនជួលហីទៅ វាគ្មានទៅពីរោះ អា១បទ២បទនឹងទេ ខូចទាំងប្រពៃណីទៀត សូមបងៗដែលជាមេអាហ្វែ គិតអាណិតខ្លួនឯង និងសិល្បៈផង៕

អត្ថបទដែលជាប់ទាក់ទង