កញ្ញា ប៊ី សុធារី បង្ហើបអោយដឹងថា នាងគ្រោងនឹងចូលរួមកម្មវិធីប្រកួតកញ្ញាឯកថ្នាក់ជាតិ ជាថ្មីម្តងទៀត
កញ្ញា ប៊ី សុធារី បង្ហើបអោយដឹងថា នាងគ្រោងនឹងចូលរួមកម្មវិធីប្រកួតកញ្ញាឯកថ្នាក់ជាតិ ជាថ្មីម្តងទៀត
ភ្នំពេញ ៖ កញ្ញា ប៊ី សុធារី មិនបានឈ្នះមកុដនៅក្នុងកម្មវិធីនេះក៏ដោយ ប៉ុន្តែក៏ឈ្នះបានពានឈុតតំណាងជាតិផងដែរ។ ជាថ្មីម្តងទៀតនេះ ស្រីស្អាត ប៊ី សុធារី មិនបង្អាក់ដំណើរ ឬបញ្ឈប់ក្តីស្រមៃរបស់ខ្លួនលើវិថីកញ្ញាឯកនៅត្រឹមនេះឡើយ ពោលគឺនាងត្រៀមខ្លួនចូលរួមប្រកួតកម្មវិធីបវរកញ្ញាថ្នាក់ជាតិជាថ្មីម្តងទៀត។
ស្រីស្អាត ប៊ី សុធារី បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា «នាងខ្ញុំ ប៊ី សុធារី នឹងធ្វើការចូលរួមប្រកួតជាថ្មីម្ដងទៀតក្នុងកម្មវិធីថ្នាក់ជាតិដ៏ធំមួយក្នុងពេលខាងមុខនេះ កុំភ្លេចគាំទ្រដល់រូបនាងខ្ញុំផងដែរ»។
គេនៅមិនទាន់ដឹងទេថា តើស្រីស្អាត ប៊ី សុធារី នឹងចូលរួមប្រកួតបវរកញ្ញថ្នាក់ណាមួយឡើយ? ដោយនាងនៅមិនទាន់អាចបង្ហើបប្រាប់មហាជននៅឡើយទេ។ យ៉ាងណាដំណឹងមួយនេះ បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកគាំទ្ររបស់ស្រីស្អាត ប៊ី សុធារី នាំគ្នាចូលរួមអបអរ និងគាំទ្រចំពោះការវិលត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាជាថ្មីម្តងទៀតរបស់នាងនាពេលនេះផងដែរ។
នៅក្នុងការចូលរួមប្រកួតកម្មវិធីបវរកញ្ញនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់នេះ បវរកញ្ញាឯក ដែលមានស្រុកកំណើតមកពីរាជធានីភ្នំពេញ ស្រីស្អាត ប៊ី សុធារី ធ្លាប់លើកឡើងថា រូបនាងគ្មានអ្វីភ័យខ្លាចនោះទេ ក្នុងការចេញទៅប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិនាពេលខាងមុខ ព្រោះនេះមិនមែនជាលើកទី១ សម្រាប់រូបនាងឡើយ។ កន្លងមក នាងធ្លាប់ទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិចំនួន៤លើកមកហើយ មាន ៖ ប្រទេសកូរ៉េ ថៃ និងហ្វីលីពីន។
ដោយឡែក អំឡុងនៅមុនពេលចេញទៅប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ២០១៧ កន្លងទៅនោះ ប៊ី សុធារី បានចំណាយពេលដល់ទៅ១ឆ្នាំ ដើម្បីត្រៀមខ្លួន ទាំងផ្នែកភាសាបរទេស ការដើរបង្ហាញម៉ូដ ការឆ្លើយសំណួរ ការតុបតែងខ្លួនឲ្យស័ក្តិសមនឹងកម្មវិធីប្រកួត។ លើសពីនេះ សុធារី បានទៅប្រទេសហ្វីលីពីន ដើម្បីទទួលការហ្វឹកហាត់មុនប្រកួតផងដែរ។ បទពិសោធន៍ខាងលើនេះ គេរំពឹងថា ប៊ី សុធារី នឹងអាចឈ្នះកមុដនៅក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងបវរកញ្ញាថ្នាក់ជាតិ ជាថ្មីម្តងទៀត ដែលអាចអោយនាងមានឱកាសចេញទៅប្រកួតលើឆាកអន្តរជាតិ ហើយនាំយកសិល្បៈវប្បធម៌ខ្មែរទៅបង្ហាញអន្តរជាតិជាថ្មីផងដែរ៕