ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ធ្វើសកម្មភាព បំរុងគាស់ទ្វាររបងវិទ្យាល័យជា ស៊ីម សាមគ្គី ចូលលួចម៉ូតូរបស់សិស្
ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក PCX ធ្វើសកម្មភាព បំរុងគាស់ទ្វាររបងវិទ្យាល័យជា ស៊ីម សាមគ្គី ចូលលួចម៉ូតូរបស់សិស្ស ដែលមកចូលរួមក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ត្រូវបានលោកគ្រូនៅក្នុងសាលាបានឃើញទាន់ ក៏រត់ទៅមើលត្រូវជនសង្ស័យដកកាំភ្លើងខ្លីមួយដើមបាញ់គំរាមមួយគ្រាប់
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចទ្វាររបងខាងលិចវិទ្យាល័យជាស៊ីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា វិទ្យាល័យជាស៊ីមសាមគ្គី បានប្រារព្ធកម្មវិធីសង្ក្រាន្តឆ្នាំថ្មីមានរយៈ២ថ្ងៃ ។ នៅថ្ងៃកើតហេតុ គឺជាថ្ងៃទី២នៃកម្មវិធីសង្ក្រាន្តឆ្នាំថ្មីរបស់វិទ្យាល័យជាស៊ីមសាមគ្គី ដែលមានសិស្សានុសិស្សនិងប្រជាពលរដ្ឋជាបានមកចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា លុះដល់វេលាកើតហេតុ ខណៈពេលដែលកម្មវិធីកំពុងប្រារព្ធដោយរលូន ក៏ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំស្លាកលេខ បានជិះទៅឈប់នៅត្រង់ចំណុចកើតហេតុ ហើយជនសង្ស័យម្នាក់ក៏បានចុះពីលើម៉ូតូទៅធ្វើសកម្មភាពឆ្កឹះសោទ្វាររបស់សាលានៅជាប់ជាមួយកន្លែងផ្ញើម៉ូតូនៅក្នុងសាលាបំណងចូលទៅលួចម៉ូតូ ប៉ុន្តែឆ្កឹះមិនទាន់បានសម្រេចផង ក៏ត្រូវបានសិស្សដែលចូលរួមក្នុងកម្មវិធីប្រទះឃើញ ហើយបានរាយការណ៍ទៅលោកគ្រូអ្នកគ្រូក្នុងសាលា។
បន្ទាប់មកក៏មានលោកគ្រូម្នាក់បានរត់ទៅមើល និងបំរុងសាកសួរនាំ តែជនសង្ស័យបានឃើញលោកគ្រូក៏ដកកាំភ្លើងខ្លីមួយដើមបាញ់មួយគ្រាប់ផ្ទប់ដី ដើម្បីគំរាម រួចក៏ឡើងជិះម៉ូតូជាមួយបក្ខពួកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ និងបានរកឃើញសំបកគ្រាប់មួយគ្រាប់ដែលជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ។
សមត្ថកិច្ចមូលដ្ឋានក៏បានប្រមូលវត្ថុតាងយកទៅរក្សាទុក និងបាននាំអ្នកដែលឃើញហេតុការណ៍ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកធ្វើការបំភ្លឺ ដើម្បីសមត្ថកិច្ចស្រាវជ្រាវតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕