Banner KNP Detail Top

អតីតតារាភាពយន្តនាទសវត្សឆ្នាំ៩០ លោក យស់ បូវណ្ណៈ ដឹកនាំក្បួនដង្ហែសិល្បៈយ៉ាងឱឡារឹក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើទឹកដីសហរដ្ឋអាមេរិក

អតីតតារាភាពយន្តនាទសវត្សឆ្នាំ៩០ លោក យស់ បូវណ្ណៈ ដឹកនាំក្បួនដង្ហែសិល្បៈយ៉ាងឱឡារឹក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើទឹកដីសហរដ្ឋអាមេរិក

ភ្នំពេញ ៖ អតីតតារាភាពយន្តនាទសវត្សឆ្នាំ៩០លោក យស់ បូវណ្ណៈ ដឹកនាំក្បួនដង្ហែសិល្បៈយ៉ាងឱឡារឹក ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅលើទឹកដីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។ ពិធីដង្ហែក្បួនសិល្បៈនេះ បានប្រមូលពីក្រុមសម្តែងសិល្បៈចម្រុះ ជាមួយនឹងការចូលរួម និងអបអរសាទរតាមដងផ្លូវពីសំណាក់បងប្អូនខ្មែរ និងជនបរទេសរាប់ម៉ឺននាក់។

ជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រចាំទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក និងជាគណៈកម្មការរៀបចំពិធីនេះ លោក យស់ បូវណ្ណៈ លើកឡើងថា នេះជាឆ្នាំទី១៥ហើយ ដែលយើងរៀបចំកម្មវិធីនេះឡើង ខណៈពេលយើងធ្លាប់អាក់ខាន២ឆ្នាំចុងក្រោយដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
នៅឆ្នាំនេះ យើងបានសម្រេចរៀបចំអោយមានលក្ខណៈធំឡើងវិញ ដោយនៅក្នុងមានការរៀបចំការដង្ហែក្បួនដោយរួមបញ្ចូលទម្រង់សិល្បៈបុរាណជាច្រើន។ លោកបន្តថា ក្រៅពីការដង្ហែក្បួនសិល្បៈចម្រុះនៅលើដងវិថី Cambodia Town នោះ នៅពេលចប់ការដង្ហែ យើងក៏បានរៀបចំជាឆាកតន្ត្រីសម្រាប់រាំលេងកំសាន្ត និងការសម្តែងសិល្បៈបុរាណមួយចំនួនទៀត ពីក្រុមសិល្បៈមកពីរាជធានីភ្នំពេញ។
យ៉ាងណា បើតាមលោក យស់ បូវណ្ណៈ ថា ការរៀបចំនាឆ្នាំនេះ គឺយើងក៏ទទួលបានជោគជ័យដូចបណ្តាឆ្នាំកន្លងទៅដែរ ដោយសារយើងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនខ្មែរដែលរស់នៅទីនេះ ជាពិសេសបណ្តាជនបរទេសក៏បានអបអរ និងសប្បាយរីករាយជាមួយកម្មវិធីយើងផងដែរ។ លោកបន្ថែមថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងបង្ហាញឲ្យអន្តរជាតិបានស្គាល់ពីអត្តសញ្ញាណនៃវប្បធម៌ជាតិខ្មែរ ជាពិសេសចង់ឲ្យប្រជាជនខ្មែរគ្រប់ទិសទីមានការរួបរួមគ្នា ចេះស្រឡាញ់គ្នា និងឲ្យក្មេងៗជំនាន់ក្រោយដែលរស់នៅទីនេះបានស្គាល់ និងចូលរួមទ្រទ្រង់ថែរក្សាខឿននៃវប្បធម៌ជាតិខ្មែរឲ្យបានគង់វង្ស ៕

អត្ថបទដែលជាប់ទាក់ទង