Banner KNP Detail Top

សមត្ថកិច្ចស្រុកអូររាំង បានសម្រេចជីកដីបញ្ចុះសព បុរសចំណាស់ម្នាក់ ដែលបានដេកស្លាប់លើទីទួលក្នុងតំបន់ព្រៃជ្រៅ គ្រាដែលពុំអាចស្វែងរកអត្តសញ្ញាណសព រួមទាំងក្រុមគ្រួសារ

សមត្ថកិច្ចស្រុកអូររាំង បានសម្រេចជីកដីបញ្ចុះសព បុរសចំណាស់ម្នាក់ ដែលបានដេកស្លាប់លើទីទួលក្នុងតំបន់ព្រៃជ្រៅ គ្រាដែលពុំអាចស្វែងរកអត្តសញ្ញាណសព រួមទាំងក្រុមគ្រួសារ

 
មណ្ឌលគិរីៈ សមត្ថកិច្ចស្រុកអូររាំង ខេត្តមណ្ឌលគិរី បានសម្រេចជីកដីបញ្ចុះសព បុរសចំណាស់ម្នាក់ ដែលបានដេកស្លាប់លើទីទួលក្នុងតំបន់ព្រៃជ្រៅ គ្រាដែលពុំអាចស្វែងរកអត្តសញ្ញាណសព រួមទាំងក្រុមគ្រួសារបានកាលពីថ្ងៃទី០៤មេសាឆ្នាំ២០២៣។

អធិការនគរបាលស្រុកអូររាំងលោកវ៉ាន ដានីន បានឱ្យដឹងនៅថ្ងៃទី០៥មេសានេះថា
នៅវេលាម៉ោង ១៤និង ៤០នាទី ថ្ងៃទី ០៤ខែ មេសា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ឈ្មោះ យូស មេន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិព្នង មានទីលំនៅបច្ចុប្បន្នក្រុមរកាថ្មីភូមិ ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យតាមរយៈលេខទូរស័ព្ទ ០៨៨៨៣០៦២៧៨មានករណីមនុស្សប្រុសវ័យចំណាស់ម្នាក់ដេកស្លាប់ដោយពុំស្គាល់អត្តសញ្ញាណនៅចំនុចវាលក្របី ក្រុមស្រែខ្លុងស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

លោកថា ក្រោយពីទទួលដំណឹងភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ និងកម្លាំងប្រជាការពារ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យកោសល្យវិច្ឆ័យលើសាកសពនេះ។

លោកអធិការបញ្ជាក់ថា ពេលដល់កន្លែងកើតហេតុបានឃើញសាកសពជាក់ស្តែងក្នុងសភាពស្គមរីងរ៉ៃដេកស្លាប់ជាប់ផ្លូវក្រោមដើមស្រឡៅ ដោយគ្មានអៅ ដោះខោជើងវែងពណ៏ប្រផេះកើយ និងយកក្រម៉ា ដណ្តប់ត្រឹមចង្កេះចុះក្រោម និងជុំវិញសាកសពមានពិលចំនួន០១ និងដបទឹកសុទ្ធដួលស្រាប់នៅចុងជើង(គ្មានទឹក) ចំនួន០១ ក្រៅពីនេះជំនាញពុំបានឃើញអ្វីផ្សេងនោះឡើយ។បន្ទាប់មកជំនាញបច្ចេកទេសវិទ្យាសាស្រ្តពិនិត្យកន្លែងកើតហេតុបានហ៊ុព័ទ្ធខ្សែជុំវិញសាកសពរួចក៏ពិនិត្យទៅលើដងខ្លួនសពតែពុំឃើញស្លាក់ស្នាមណាមួយនោះទេ។

ករណីនេះ បើស្តាប់បំភ្លឺពីឈ្មោះ ញូល ផាត ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ព្នង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នក្រុមស្រែខ្លុង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ បានជិះម៉ូតូមានគ្នា០២នាក់ចេញពីស្រែខ្លុងទៅស្រែអំពូមដើម្បីលក់គ្រាប់ស្វាយចន្ទីក៌បានជួបមនុស្សប្រុសវ័យចំណាស់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណនេះ ដើរតាមផ្លូវចេញពីភូមិស្រែអំពូយមកស្រែខ្លុងនៅពេលនោះ បានឈប់ម៉ូតូសួរថា ពូទៅណា គាត់ក៏បានឆ្លើយថាទៅមុខ រួចក៏មិនបានសួរនាំច្រើនអីដែរ ហើយបន្តដំណើរទៅស្រែអំពូយទៀត ។លុះត្រឡប់ពីអំពូយវិញពុំបានឃើញគាត់នៅតាមផ្លូវនោះទេ។រហូតដល់ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២៣ បានទៅលក់គ្រាប់ស្វាយចន្ទីនៅស្រែអំពូយម្តងទៀតក៏មិនបានជួបគាត់ទៀតដែរ លុះថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ១៤ និង ២០ នាទី បានត្រឡប់មកពីស្រែអំពូយទៅស្រែខ្លុុងវិញ ក៏ប្រទះឃើញសាកសពមនុស្សប្រុសវ័យចំណាស់ម្នាក់ដេកស្លាប់ជាប់ផ្លូវ ហើយក៏ប្រញាប់តេរាយការណ៍ទៅប្រជាការពារតែម្តង។

តាមការសន្និដ្ឋានរបស់ជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្រ្តពិនិត្យកន្លែងកើតហេតុគឺការស្លាប់ដោយសារបង្វេងព្រៃ អត់បាយ អត់ទឹកយូរថ្ងៃ ពុំមានសាច់ញាតិទីពឹងនិងប្រភពណាច្បាស់លាស់។សាកសពត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង កម្លាំងប្រជាការពារ មេក្រុម និងប្រជាពលរដ្ឋ បានរួមគ្នាជីករណ្តៅ បញ្ចុះសពក្នុងព្រៃនៅក្បែរបរិវេនកើតហេតុនេះ និងបានឧទិសកុសល្យផលបុណ្យជំនួសសាច់ញាតិសពនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង