បុរសវ័យចំណាស់ម្នាក់ ផឹកស្រាស្រវឹង រួចដើរអុកឡុកក្នុងភូមិ រហូតធ្វើអោយអ្នកស្រុកខ្លាចរអាគ្រប់ៗគ្នា ទីបំផុត
បុរសវ័យចំណាស់ម្នាក់ ផឹកស្រាស្រវឹង រួចដើរអុកឡុកក្នុងភូមិ រហូតធ្វើអោយអ្នកស្រុកខ្លាចរអាគ្រប់ៗគ្នា ទីបំផុត បុរសវ័យចំណាស់នេះ ត្រូវអស់លក្ខណ៍ ជាប់ខ្នោះរបស់សមត្ថកិច្ច
ខេត្តព្រៃវែង ៖ កាលពី យប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បុរសវ័យចំណាស់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ មានឈ្មោះ សរ វិសិដ្ឋ អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ ហើយត្រូវអ្នកភូមិអះអាងថា គឺជាមនុស្សស្រវឹងខួប តែងតែអុកឡុករំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសារមកហើយ និងធ្លាប់ត្រូវអាជ្ញាធរឃុំ ព្រមទាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល ហៅទៅអប់រំ ធ្វើកិច្ចសន្យាច្រើនលើកមកហើយដែរ។
យោងតាមការបំភ្លឺរបស់គ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលសុខភាពពាមមានជ័យ បានអះអាងថា ខណៈពេលដែលពួកគាត់កំពុងដេកយាមនៅក្នុងមណ្ឌលសុខភាពសុខៗ ស្រាប់តែជនសង្ស័យឈ្មោះ សរ វិសិដ្ឋ នេះ មិនដឹងថា តើមកពីណា? ក្នុងស្ថានភាពស្រវឹងជោក ហើយបានយកដុំថ្មគប់ចូលក្នុងអគារតែម្តង។ នៅពេលពួកគាត់ស្រែកសួរ ស្រាប់តែជននេះចូលមកក្នុងអគារ ហើយដាល់បំបែកកញ្ចក់អគារផ្នែកខាងមុខអស់២ផ្ទាំង រួចក៏យកដុំថ្មគប់បំបែកកញ្ចក់បង្អួចជុំវិញអគារបែកខ្ទេចអស់ទៀតផង។ ហើយគ្រូពេទ្យនៅក្នុងអគារខំនិយាយលួងលោមយ៉ាងណា ក៏គេមិនស្តាប់ដែរ មិននិយាយរក គិតតែពីវា.យកម្ទេច និងជេរបញ្ចោរយកតែម្តង រហូតដល់ក្រុមគ្រូពេទ្យទ្រាំលែងបាន ក៏ទូរស័ព្ទប្តឹងទៅប៉ូលិសប៉ុស្តិ៍អោយមកជួយអន្តរាគមន៍។ ប៉ុន្តែពេលឃើញគ្រូពេទ្យទូរស័ព្ទប្តឹងប៉ូលិសភ្លាម ជនបង្ករូបនោះក៏ដើរទៅផ្ទះវិញបាត់ រួចចូលដេកស្ងាត់ឈឹង (ផ្ទះទល់មុខមណ្ឌលសុខភាព) ធ្វើដូចគ្មានរឿងអ្វីកើតឡើងសោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលទទួលពាក្យបណ្តឹងពីក្រុមគ្រូពេទ្យភ្លាម សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុភ្លាម ហើយធ្វើកំណត់ហេតុនៅកន្លែងកើតហេតុ រួចរាយការណ៍ទៅអធិការស្រុកភ្លាមៗតែម្តង។ លុះដល់ព្រឹកឡើងម៉ោង៨ព្រឹក សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនបង្ក រួចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕