កងទ័ពចិន និងកម្ពុជា បានធ្វើសមយុទ្ធយោធារួមគ្នា “នាគមាស ២០២៣
កងទ័ពចិន និងកម្ពុជា បានធ្វើសមយុទ្ធយោធារួមគ្នា “នាគមាស ២០២៣
ភ្នំពេញ៖ សមយុទ្ធនេះ មានចម្រុះយុទ្ធសាស្ត្រដូចជា ការហ្វឹកហ្វឺនបែបសហការ សិក្ខាសាលា និងការផ្លាស់ប្តូរព្រមទាំងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈដូចជាជំនាញខាងសន្តិសុខ និងការទប់ស្កាត់គ្រោះថ្នាក់ និងការបង្ការជំងឺរាតត្បាត និងការត្រួតពិនិត្យ ការបោសសំអាតមីន និងការបំផ្ទុះគ្រាប់បែក និងបេសកកម្មប្រឆាំងភេរវកម្ម។
នៅថ្ងៃទី២៣ខែមីនា ឆ្នាំ ២០២៣ កងទ័ពចិន និងកម្ពុជា បានធ្វើសមយុទ្ធយោធារួមគ្នា “នាគមាស ២០២៣(Golden Dragon 2023)”ក្រោមប្រធានបទ«ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗនិងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»។សមយុទ្ធនេះមានសកម្មភាពសំខាន់ៗចំនួនបីគឺ ការហ្វឹកហ្វឺនបន្ស៊ាំ សមយុទ្ធបញ្ជា និងសមយុទ្ធទូលំទូលាយ។
សមយុទ្ធនេះ មានរយៈពេលរហូតដល់ថ្ងៃទី៥ខែមេសា ដោយមានអ្នកចូលរួមជាង ៣,០០០នាក់ ដែលក្នុងនោះមានកងទ័ពចិនជាង២០០នាក់។ ក្នុងអំឡុងពេលសមយុទ្ធនេះ ភាគីចិនបានអនុវត្តសកម្មភាពសង្គ្រោះមនុស្សធម៌ ដូចជាផ្តល់សម្ភារ និងការផ្គត់ផ្គង់សាលារៀនព្រមទាំងផ្តល់ការពិនិត្យសុខភាពជូនអ្នកភូមិ និងសិស្សានុសិស្សជុំវិញតំបន់នោះផងដែរ។កងទ័ពចិនក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ដូចជាការប្រកួតបាល់ទាត់ និងលេងល្បែងទាញព្រ័ត្រ និងរៀបចំពិធីជប់លៀងដើម្បីលើកកម្ពស់សមាហរណកម្មវប្បធម៌បន្ថែមទៀត និងពង្រឹងចំណងមិត្តភាពចិន-កម្ពុជា។
កម្ពុជា និងចិនមានទំនាក់ទំនងការទូត និងសេដ្ឋកិច្ចតាំងពីយូរលង់ណាស់មកហើយ។ ជាច្រើនឆ្នាំកន្លងមកនេះទំនាក់ទំនងរវាងប្រទេសទាំងពីរបានបន្តកាន់តែស៊ីជម្រៅ។ប្រទេសចិនមិនត្រឹមតែក្លាយជាអ្នកវិនិយោគនិងម្ចាស់ជំនួយបរទេសធំជាងគេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាផងដែរ។ សមយុទ្ធយោធារួមនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយោធាដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។ សមយុទ្ធយោធារួមគ្នា គឺជាសកម្មភាពកិច្ចសហប្រតិបត្តិការយោធាជាប្រចាំប្រចាំឆ្នាំរវាងយោធាកម្ពុជា និងចិនហើយវាក៏ជាមធ្យោបាយដ៏សំខាន់សម្រាបប្រទេសទាំងពីរដើម្បីធ្វើការផ្លាស់ប្តូរវិស័យការពារជាតិ និងយោធាផងដែរ។
សមយុទ្ធយោធារួមគ្នានេះគឺជាសមយុទ្ធយោធាលើកទីប្រាំរវាងប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០១៦មក។សមយុទ្ធយោធារួមគ្នានេះបានដើរតួដំបូងក្នុងការលើកកម្ពស់ការផ្លាស់ប្តូរសន្តិសុខយោធាជាមួយបណ្តាប្រទេសអាស៊ានបន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។សមយុទ្ធបានបង្កើនសមត្ថភាពយោធារបស់កម្ពុជា ដោយហេតុនេះអាចជួយកម្ពុជាឱ្យទប់ទល់នឹងការគំរាមមកំហែង និងបញ្ហាប្រឈមពីខាងក្រៅបានកាន់តែប្រសើរឡើង។ជាមួយគ្នានេះដែរ សមយុទ្ធរួមគ្នា «នាគមាស» ក៏ផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពសង្គ្រោះគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ផងដែរ។ កម្ពុជានឹងឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិផ្សេងៗ។ លើសពីនេះ សមយុទ្ធយោធារួមគ្នានេះបាននាកម្ពុជាឱ្យកាន់តែជិតស្និទ្ធជាមួយប្រទេសចិន នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនដល់ប្រជាជនកម្ពុជា។
គោលបំណងនៃសមយុទ្ធយោធារួមគ្នានេះគឺដើម្បីរួមចំណែកគាំទ្រដល់ការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិននិងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា។ ប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»គឺជាផ្នែកសំខាន់មួយនៃយន្តការអនុវត្តក្រោមក្របខណ្ឌនៃការកសាងសហគមន៍ពិភពលោកជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។
ឯកឧត្តមនាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានថ្លែងនៅក្នុងពិធីបើកសមយុទ្ធនាគមាសថា “សមយុទ្ធនេះនឹងជួយកសាងសហគមន៍កម្ពុជា-ចិនឱ្យកាន់តែរឹងមាំជាមួយនឹងអនាគតរួមគ្នានិងសម្រេចបាលទ្ធផលថ្មីៗបន្ថែមទៀត”។ លោកក៏បានបញ្ជាក់ផងដែរថា «សមយុទ្ធនេះនឹងបង្កើនភាពស្និទ្ធស្នាលរវាងកងទ័ពនិងប្រជាជនតាមរយៈការស្វែងយល់ពីវប្បធម៌គ្នាទៅវិញទៅមក ដែលនឹងឈានទៅមុខដ៏វែងឆ្ងាយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ»។ ក្នុងសមយុទ្ធនោះ នាយឧត្តមសេនីយ៍ហ៊ុនម៉ាណែតបានស្នើឱ្យទាហានកម្ពុជាយកចិត្តទុកដាក់ចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីអនុវត្តប្រតិបត្តិការប្រកបដោយជោគជ័យ ស្របតាមប្រធានបទ និងខ្លឹមសារនៃសមយុទ្ធ។ លោកបានចង្អុលបង្ហាញថា យោធាត្រូវការពង្រឹងស្មារតីក្រុមដែលជាមូលដ្ឋានចាំបាច់បំផុតសម្រាប់បង្កើតភាពជោគជ័យនិងជ័យជំនះនៃបេសកកម្មនីមួយៗ។
សម្រាប់សមយុទ្ធយោធារួមគ្នានេះ លោកឧត្តមសេនីយ៍ទោ ឈិន មីនធាន(Mintian)នាយរងសេនាធិការកងទ័ពជើងគោកតំបន់ខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងចិនគឺជាគំរូដ៏ល្អសម្រាប់ប្រទេសទាំងអស់ក្នុងពិភពលោកហើយកិច្ចសហប្រតិបត្តិការក្នុងសមយុទ្ធយោធារួមគ្នានេះអាចជាគន្លឹះដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់យន្តការពហុភាគីក្នុងតំបន់។លោកឧត្តមសេនីយទោមីនធានបាននិយាយទៀតថា”កិច្ចសហប្រតិបត្តិការដ៏ល្អរវាងយោធានៃប្រទេសទាំងពីរបានកសាងទំនុកចិត្ត និងការយោគយល់គ្នាអំពីវប្បធម៌របស់គ្នាទៅវិញទៅមក”។
សមយុទ្ធយោធារួមគ្នានេះត្រូវបានចាត់ទុកថាជាផ្នែកមួយដ៏សំខាន់បំផុតនៃការទូត ហើយមានតម្លៃជាយុទ្ធសាស្ត្រខ្ពស់បំផុតក្នុងការរក្សាសន្តិសុខ និងស្ថិរភាពនៃតំបន់ជុំវិញ។ស្របពេលដែលសមយុទ្ធនាគមាសឆ្នាំ២០២៣ កម្ពុជា-ចិន យោធាអាមេរិក និងកូរ៉េខាងត្បូង ក៏បានធ្វើ “សមយុទ្ធ 2023 Ssangyong” ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី ៣ ខែមេសា។ ភាគច្រើនត្រូវបានគ្រប់គ្រងរួមគ្នាដោយកងម៉ារីននៃសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក។ គួរជម្រាបថា ទំហំសមយុទ្ធនេះ មិនត្រឹមតែធំជាងគេទេ ក្នុងរយៈពេល៥ឆ្នាំ យោធាអង់គ្លេសក៏នឹងចូលរួមក្នុងសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាលើកដំបូងក្នុងឆ្នាំនេះផងដែរ។
សមយុទ្ធយោធារួមគ្នានិងការផ្លាស់ប្តូរយោធារវាងកម្ពុជានិងចិនគឺសំដៅជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខជំរុញការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខរួមលើមូលដ្ឋានសន្តិសុខពិភពលោក និងទន្ទឹមនឹងនោះការពង្រឹងការផ្លាស់ប្តូរវិស័យការពារជាតិ។ តែសហរដ្ឋអាមេរិកប្រើសមយុទ្ធយោធាដើម្បីយកឈ្នះលើសម្ព័ន្ធមិត្តរបស់ខ្លួននិងធ្វើឱ្យប៉ះពាល់ស្ថិរភាពតំបន់ ។សមយុទ្ធយោធា «Ssangyong»ត្រូវបានប្រទេសជាច្រើនរិះគន់ ចាប់តាំងពីការចាប់ផ្តើម។ កូរ៉េខាងជើងក៏បានច្រានចោលការលើកឡើងរបស់អាមេរិកដែលថាសមយុទ្ធរួមគ្នានេះគឺដើម្បីការពារធម្មជាតិ។
គួរជម្រាបថា សមយុទ្ធនាគមាសលើកទី៥ រវាងកងទ័ពកម្ពុជា និងចិន បានបិទបញ្ចប់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ពិធីបិទសមយុទ្ធនាគមាសនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក វួយ វិនហួយ មេបញ្ជាការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធធ្វើឡើងនៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង៕