គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
គ.ជ.ប សម្រេចកែសម្រួលខ្លឹមសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សេចក្តីព្រាងប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងពិនិត្យសម្រេចលើរបាយការណ៍សង្ខេប ស្តីពីសកម្មភាព និងលទ្ធផលការងារ របស់ គ.ជ.ប ប្រចាំឆ្នាំ២០២២។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។
គ.ជ.ប បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាង ល្អិតល្អន់លើឯកសារម្តងមួយៗ រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួល ខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍ លើឯកសារទាំងនោះ រួមមាន ៖
១. សេចក្តីអំពាវនាវ ចំនួន ៥ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន ៖
– សេចក្តីអំពាវនាវ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស
– សេចក្តីអំពាវនាវ ស្តីពីការត្រៀមខ្លួន និងត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា
– សេចក្តីអំពាវនាវ ពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
– សេចក្តីអំពាវនាវ ចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់ ជួយសម្រួលដល់និយោជិត កម្មករ – កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣
– សេចក្តីអំពាវនាវ ស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។
២.ឯកភាពជាគោលការណ៍បញ្ចូលតួលេខចំនួន អ្នកបោះឆ្នោតដែលបានបោះ ឆ្នោត និងបន្ថែមកូឡោន (Column) ចំនួនលេខរៀងគណបក្ស ក្នុងទម្រង់ តារាងកត់ត្រាសំឡេងឆ្នោត តាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (ទម្រង់ ១១០៨) សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៣. ឯកភាពលើការកំណត់ចំនួនបញ្ជាផលិត និងបោះពុម្ពសន្លឹកឆ្នោត និងសន្លឹក ឆ្នោតគំរូ បម្រើឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។
៤. ឯកភាពលើរបាយការណ៍សង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រចាំឆ្នាំ២០២២។
៥. ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះ បោះឆ្នោត ឆ្នាំ២០២៣ ប្រតិទិន និងផែនការមេ សម្រាប់ការពិនិត្យបញ្ជី ឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។
ក្នុងសេចក្ដីព្រាងសេចក្តីសម្រេចនោះ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៣ ត្រូវបាន កំណត់រយៈពេល ៣ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ តាមសេចក្ដីសម្រេចនោះ អ្នកដែលមានអាយុ ១៨ឆ្នាំឡើង គឺត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦)។
ចំពោះបញ្ហាផ្សេងៗ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាសន៍ អំពីសកម្មភាពឃោសនាបោះឆ្នោតអសកល ដែលកំពុងប្រព្រឹត្តទៅនៅក្រុង ស្រុក ចំនួន ៥ ដែលទើបបំបែក និងបង្កើតថ្មីថាមិនមានបញ្ហាអ្វីកើតឡើងស្មុគស្មាញទេ។
សម្រាប់សកម្មភាពឃោសនាបោះឆ្នោតសកល នាពេលខាងមុខ លោកប្រធាន គ.ជ.ប បានណែនាំលោកអគ្គលេខាធិការ គ.ជ.ប ឱ្យពិនិត្យ និងសិក្សាស្រាវជ្រាវ ដើម្បីកំណត់អំពីនិយមន័យ ទម្រង់ ទំហំ និងរូបភាពឃោសនាបោះឆ្នោត ឱ្យបានច្បាស់លាស់ ពិសេសសកម្មភាពហែក្បួនឃោសនា និងក្បួនព្យុហយាត្រា របស់គណបក្សនយោបាយ៕