Banner KNP Detail Top

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ផ្ទះប្រជាពលរដ្ឋ៣ខ្នង នៅក្រុម១៩ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យវាយប្រហារ ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ។
របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ផ្ទះទាំង៣ខ្នងនេះ ទី១៖ ម្ចាស់ឈ្មោះ ថន សុខម៉េង (ហៅម៉ែអាប៉េន) អាយុ៦១ឆ្នាំ ប្រភេទឈើប្រក់ស័ង្កសី បណ្តោយ៦ម៉ែត្រ គុណទទឹង១២ម៉ែត្រ, ទី២៖ ម្ចាស់ឈ្មោះ សោម សារ៉េន អាយុ៦១ឆ្នាំ ប្រភេទឈើលើថ្មក្រោមប្រក់ស័ង្កសី ទំហំបណ្តោយ ៨ម៉ែត្រ គុណទទឹង១២ម៉ែត្រ និងទី៣៖ ម្ចាស់ឈ្មោះ ប៊ុនសេង អាយុ៣៦ឆ្នាំ ប្រភេទឈើលើថ្មក្រោមប្រក់ស័ង្កសីទំហំ បណ្តោយ៨ម៉ែត្រ គុណ១២ម៉ែត្រ។
កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង ប្រើទឹក៨ឡាន, អង្គភាពសង្រ្គោះបន្ទាន់ ៧១១ ចំនួន១គ្រឿង ប្រើទឹក២ឡាន, កងរាជអាវុធហត្ថចំនួន១គ្រឿង ប្រើទឹក២ឡាន និងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ចំនួន២គ្រឿង បានប្រើទឹក២ឡាន។
មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់សង្គមមួយនេះ សមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ប៉ុន្ដែទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ គ្រាន់តែបំផ្លាញទ្រព្យសម្បត្តិមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង