Banner KNP Detail Top

ច្រានចោលព័ត៌មានតាមបណ្តាញសង្គមថា បុរសម្នាក់ត្រូវគេគប់ដុំថ្ម បណ្តាលឲ្

ច្រានចោលព័ត៌មានតាមបណ្តាញសង្គមថា បុរសម្នាក់ត្រូវគេគប់ដុំថ្ម បណ្តាលឲ្យរងរបួសធ្ងន់នៅស្រុកមង្គលបូរី, តាមពិតជនរងគ្រោះជិះម៉ូតូដួលដោយខ្លួនឯង


(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានចេញមកបំភ្លឺ និងច្រានចោលទាំងស្រុងចំពោះព័ត៌មានមួយដែលបានបង្ហោះតាម បណ្តាញសង្គមហ្វេសបុកថា បុរសម្នាក់ត្រូវគេគប់ដុំថ្មបណ្តាលឲ្យរងរបួសធ្ងន់ តែតាមការពិតជនរងគ្រោះបានជិះម៉ូតូដួលដោយខ្លួនឯងនោះទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មានព័ត៌មានបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដោយមានក្រុមក្មេងស្ទាវគប់ដុំថ្មតាមដងផ្លូវ នៅភូមិស្ទឹងចាស់ ផ្លូវទៅភូមិស្រមោច ដោយបានគប់ទៅលើឈ្មោះ ឈុន គិមឈយ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី ត្រូវចំដើមទ្រូងខាងឆ្វេងបណ្តាលឲ្យដួលម៉ូតូសន្លប់។ ម្ចាស់អាខោនហ្វេសបុកដែលបង្ហោះនោះមានឈ្មោះ Vorng Blach។
ក្រោយទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់ឲ្យមន្រ្តីនគរបាលជំនាញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ធ្វើការស្រាវជ្រាវ និងសួរនាំថាតើជនរងគ្រោះពិតជាត្រូវគេគប់ដោយដុំថ្ម ឬយ៉ាងណា?
តាមការបំភ្លឺជនរងគ្រោះ គាត់បាននិយាយថា នៅថ្ងៃកើតហេតុនោះ គាត់មកពីបុណ្យសពគេ ហើយស្រវឹងស្រាស្រឺងៗត្រឡប់ទៅផ្ទះវិញ។ បន្ទាប់មកក៏ទៅទិញផ្លែត្រសក់នៅភូមិអង្កខ្មៅ ឃុំ គយម៉ែង (ផ្លូវទៅភូមិស្រមោច) ស្រាប់ជិះម៉ូតូបានប្រហែល៤០០ម៉ែត្រ ខាងកើតផ្ទះក៏ជាន់ដុំថ្មក្រឡាច់ដួលបណ្តាលឲ្យគាត់សន្លប់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។
ឆ្លងតាមកាស៊ើបអង្កេត ពិនិត្យកន្លែងកើតហេតុ ការស្រាវជ្រាវ និងស្តាប់ការបំភ្លឺរបស់សាក្សី, នគរបាលជំនាញបានចាត់ទុកថា ករណីបង្ហោះតាមបណ្តាញសង្គមនោះ មិនមែនជាការពិតនោះទេ។
ទាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំបង្ហោះព័ត៌មានមិនច្បាស់លាស់ ដែលយើងមិនទាន់ដឹងការពិត ពុំទាន់មានមូលដ្ឋានច្បាស់លាស់ ដែលនាំឲ្យផ្សាយខុស ហើយអាចពាក់ព័ន្ធទៅក្នុងផ្លូវច្បាប់ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ធ្វើឲ្យប៉ះពាល់ដល់ដំណើរការស៊ើបអង្កេត និងការប្រឹងប្រែងរបស់នគរបាល៕

អត្ថបទដែលជាប់ទាក់ទង