តារាស្រីក្នុងរឿង «នាងកែវមុខសេះ» ថុន មរកត បង្ហាញក្តីបារម្ភ និងខ្លាចរអាពាក់ព័ន្ធទៅនឹងរឿងរ៉ាវសេ្នហា
តារាស្រីក្នុងរឿង «នាងកែវមុខសេះ» ថុន មរកត បង្ហាញក្តីបារម្ភ និងខ្លាចរអាពាក់ព័ន្ធទៅនឹងរឿងរ៉ាវសេ្នហា
ភ្នំពេញ ៖ តារាសម្តែងដែលមានវ័យ១៩ឆ្នាំរូបនេះ បានអះអាងប្រាប់ថា «រឿងបញ្ហាស្នេហា នាងមិនចង់និយាយឡើយ បើទោះបីជាបច្ចុប្បន្ននាងបានប្រឡូកក្នុងសិល្បៈ និងមានអ្នកស្គាល់កាន់តែច្រើនក៏ដោយ»។ នាងនិយាយថា «រឿងនេះ ខ្ញុំមិនអាចនិយាយបានឡើយ ដោយសារបច្ចុប្បន្ន ខ្ញុំកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីប៉ាម៉ាក់ខ្ញុំ ចឹងខ្ញុំមិនចង់ឲ្យមានបញ្ហានឹងទៅផុសនៅលើបណ្តាញផ្សេងៗឡើយ ហើយម្យ៉ាង ប៉ាម៉ាក់ខ្ញុំមិនចង់ឲ្យមានបញ្ហាអញ្ចឹង»។
តារាស្រីក្នុងរឿង «នាងកែវមុខសេះ» ថុន មរកត បច្ចុប្បន្ន នាងកាន់តែមានទីផ្សារសិល្បៈខ្ពស់ ដោយនៅក្នុងនោះខ្សែភាពយន្តចំនួន៣រឿង នាងទទួលបានតំណែងជាតួឯកទាំងអស់នោះ។ ហើយប្រឡូកក្នុងវិស័យសិល្បៈកាន់តែពេញដៃ និងសាងកេរ្តិ៍ឈ្មោះកាន់តែល្បីនាពេលនេះ ថុន មរតក កាន់តែបង្ហាញក្តីបារម្ភ និងខ្លាចរអាពាក់ព័ន្ធទៅនឹងរឿងរ៉ាវសេ្នហា ដែលត្រូវគេលើកយកមកផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលដែលបច្ចុប្បន្ននាងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីឪពុកម្តាយរបស់នាង។
ពាក់ព័ន្ធបញ្ហាការងារសិល្បៈវិញ តារាសម្តែងដែលមានដើមកំណើតមកពីក្រុងតាខ្មៅ ខេត្តកណ្តាល ថុន មរកត រូបនេះលើកឡើងថា បន្ទាប់ពីនាងបានថតបញ្ចប់ខ្សែភាពយន្តរឿង «នាងកែវមុខសេះ» ដែលជារឿងដំបូងរបស់នាងនោះមក ពេលនេះនាងក៏ទើបតែថតបញ្ចប់រឿងចំនួន៣បន្ថែមទៀតដែរ។ នាងបញ្ជាក់ថា រឿងទាំង៣នោះ មានរឿង «ចៅហ្វាយមាត់ដាច» និងរឿង «គង់ហ៊ាន» រឿងទាំងពីរនេះ គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នានាក្នុងពេលឆាប់ៗនេះ ចំណែករឿងទី៣ ដែលគ្រោងចាក់បញ្ចាំងតាមរោងភាពយន្តនាពេលខាងមុខនេះ នាងសុំលាក់ចំណងជើងសិន។
នាងបន្តថា ខ្សែភាពយន្តទាំង៣រឿងនេះ គឺនាងជាតួឯកទាំង៣រឿង ខណៈពេលដែលនាងរំពឹងថា រឿងទាំង៣ដែលនាងបានសម្តែងនេះ នឹងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនា ដូចរឿងដំបូងដែលនាងបានសម្តែងនោះដែរ។
ទោះជាយ៉ាងណា ក្នុងពេលដែលកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈកំពុងតែល្បីល្បាញនោះ ស្រីស្អាត ថុន មរតក ថា នៅតែរក្សាតម្លៃខ្លួនថតដដែល ពោលគឺនាងមិនបានតម្លើងថ្លៃខ្លួនឲ្យថ្លៃជាងមុន នៅពេលដែលខ្លួនចាប់ផ្តើមល្បីនោះទេ។ នាងថា សម្រាប់តម្លៃការថត គឺនាងនៅតែរក្សាដដែល ពោលគឺមិនមានការឡើងឡើយ ហើយតម្លៃដែលនាងដាក់ទៅនោះ ខាងផលិតក៏អាចទទួលបានដែរ ខណៈពេលដែលតម្លៃដែលនាងទទួលបាននាពេលបច្ចុប្បន្នក៏មិនក្រោមតម្លៃតួដែលល្បីៗមួយចំនួនទៀតដែរ៕