ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដកហូតកាំបិតបុ័ងតោនិងខ្សែក្រវាត់
ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ដកហូតកាំបិតបុ័ងតោនិងខ្សែក្រវាត់
ខេត្តឧត្តរមានជ័យ៖ តាមប្រភពព័ត៌មានពីអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។ ឃាត់ខ្លួនក្មេងទំនើងចំនួន០២ក្រុម មានគ្នាសរុបចំនួន ១២នាក់ ដែលបង្កភាពអនាធិបតេយ្យឈ្លោះប្រកែក និងប្រើប្រាស់ហិង្សាវាយតប់គ្នា រួមនឹងដកហូតបានកាំបិតបុ័ងតោ ខ្សែក្រវាត់ នាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនក្រុមក្មេងទំនេីងនេះបានធ្វេីឡេីងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមាត់ស្រះមុខវត្តត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំ-ស្រុកត្រពាំងប្រាសាទ។
ចំណែកវត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ចំនួន ០៥គ្រឿង កាំបិតបុ័ងតោ០២ដើម និងខ្សែក្រវាត់០២ខ្សែ ត្រូវបានយកមកកាន់អធិការដ្ឋានស្រុកត្រពាំងប្រាសាទដើម្បីបន្តនីតិវិធី។
ជាមួយគ្នានោះដែរនៅរសៀលថ្ងៃដដែលវេលាម៉ោង ៣ និង០០នាទី លោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ បានអញ្ជើញទៅផ្ទាល់ដល់អធិការដ្ឋាន ដើម្បីជួបសំណេះសំណាលជាមួយអាណាព្យាបាល និងធ្វើការអប់រំ ណែនាំ ដល់ក្រុមក្មេងទំនើងទាំង១២នាក់និងបានហាមថ្ងៃក្រោយកុំឱ្យមានប្រព្រឹត្តសកម្មភាពទាំងនេះបន្តទៅទៀត ។
សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង ១២នាក់ខាងលើ រួមទាំងវត្ថុតាងដែលដកហូតបានមានម៉ូតូចំនួន ៥គ្រឿង ផងដែរនោះត្រូវបានកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើកំណត់ហេតុធ្វើការអប់រំចុះកិច្ចសន្យាធានាពីអាណាព្យាបាលដើម្បីមកធានាយកទៅលំនៅឋានវិញផងដែរ ៕