Banner KNP Detail Top

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ


ភ្នំពេញ ៖ យោងតាមគេហទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៦ មេសាឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយស្នងការនគរបាលរាជធានី-ខេត្ត នៅនាយកដ្ឋានអង្គរក្សដោយមានការចូលរួមពីអគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាល, អនុប្រធានសេនាធិការ និងប្រធាននាយកដ្ឋានពាក់ព័ន្ធនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា «ព្រឹត្តិការណ៍សំខាន់ៗដែលកងកម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់នៅចំពោះមុខនេះរួមមាន ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិសេសព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងសង្ក្រាន្ដដែលនឹងរៀបចំនៅតាមបណ្ដារាជធានី-ខេត្ត, ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣»។
នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការណែនាំថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះត្រូវបានរាជរដ្ឋាភិបាលបើកទូលាយឱ្យរៀបចំនៅទូទាំងប្រទេសក្រោយគ្រប់គ្រងបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដូច្នេះភារកិច្ចរបស់កងកម្លាំងនគរបា លជាតិត្រូវយកចិត្តទុកដាក់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ ពិសេសនៅតាមទីវត្តអារាម និងទីតាំងសប្បាយភាពក្នុងមូលដ្ឋាន។
ក្នុងអំឡុងពេលបុណ្យចូលឆ្នាំនេះកងកម្លាំងនគរបាលទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ឬមានការផ្លាស់ប្ដូរចេញពីនោះទេ ពោលត្រូវធានាកម្លាំងឱ្យបានគ្រប់គ្រាន់ផ្លាស់ប្ដូរវេនប្រចាំការ ប្រចាំបញ្ជា និងត្រៀមអន្ដរាគមន៍គ្រប់ពេល២៤ម៉ោងលើ២៤ម៉ោង ព្រោះ នេះជាកាតព្វកិច្ចរបស់កងកម្លាំងនគរបាលជាតិដែលត្រូវបម្រើសង្គមជាតិ។ នេះជាអ្វីដែលឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនេះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតបានលើកឡើងថា រាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធការដង្ហែភ្លើងគប់ ជាពិសេសពិធីបើក និងបិទនៅពហុកីឡ ដ្ឋានមរតកតេជោ និងនៅកន្លែងប្រកួតក្នុងរាជធានីភ្នំពេញ ព្រមទាំងខេត្តចំនួន៤ទៀត រួមមានខេត្តសៀមរាប, ព្រះសីហនុ, កែប និងកំពត ត្រូវតែធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពឱ្យបាន១០០ភាគរយដោយត្រូវរៀបចំផែនការច្បាស់លាស់ជាមួយគណៈបញ្ជាការឯកភាព។
ព្រឹត្តិការណ៍ដែលសំខាន់ជាងនេះទៅទៀតនោះ គឺដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលមាន កាតព្វកិច្ចការពារការដំណើរការទូទៅនៃការបោះឆ្នោតទាំងមុនដំណើរការបោះឆ្នោត, ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ហើយក៏កងកម្លាំងនគរបាលមានកាតព្វកិច្ចជាប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោតផងដែរ។
ពាក់ព័ន្ធកិច្ចការពារ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឱ្យប្រើប្រាស់កម្លាំងឱ្យអស់លទ្ធភាពក្នុងនោះមានទាំងការប្រចាំការក្នុងគណៈបញ្ជាការអចិន្ដ្រៃយ៍របស់ខេត្ត, ប្រចាំបញ្ជាអន្ដរាគមន៍នៅរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងការពារនៅតាមគោលដៅដែលបានកំណត់ដែលក្នុងនោះក៏ត្រូវមានការចូលរួមពីប្រជាការពារផងដែរ ។
លើសពីនេះ ក៏ត្រូវរៀបចំការបណ្ដុះបណ្ដាលដល់ប្រជាការពារទាំងអស់ អំពីក្រមសីលធម៌ និងតួនាទីការពារដែលត្រូវអនុវត្តជាដើម ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំនូវការងារជំនាញមួយចំនួនផងដែរដល់ស្នងការនគរបាលរាជធានី-ខេត្ត និងយកចិត្ដទុកដាក់ពង្រឹង ការងារប្រចាំបញ្ជា,តាមដានព័ត៌មានតាមបណ្ដាញសង្គមដែលពាក់ព័ន្ធក្នុងមូលដ្ឋានរបស់ខ្លួន ហើយឆ្លើយតបឱ្យបានទាន់ពេលវេលាទាន់សភាពការណ៍ និងមានចំណាត់ការរដ្ឋ បាលឱ្យបានលឿន និងកែប្រែឥរិយាបថប្រើប្រាស់ពាក្យសម្ដីឱ្យបានសមរម្យជាមួយប្រជាពលរដ្ឋ ពិសេសមន្ដ្រីនគរបាលចរាចរណ៍ និងនគរបាលប៉ុស្ដិ៍រដ្ឋបាល៕

អត្ថបទដែលជាប់ទាក់ទង