Banner KNP Detail Top

ឧកញ៉ា ស្រី ចាន់ថន តំណាងឲ្យកីឡាករ Thiago ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលឧបត្ថម្ភថវិកា២ម៉ឺនដុល្លារ និងពិនិត្យលទ្ធភាពផ្តល់សញ្ជាតិខ្មែរដល់កីឡាករ Thiago

ឧកញ៉ា ស្រី ចាន់ថន តំណាងឲ្យកីឡាករ Thiago ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលឧបត្ថម្ភថវិកា២ម៉ឺនដុល្លារ និងពិនិត្យលទ្ធភាពផ្តល់សញ្ជាតិខ្មែរ

(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន តំណាងឲ្យកីឡាករប្រដាល់គុនខ្មែរ Thiago Teixeira សញ្ជាតិប្រេស៊ីល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ និងស្នើឲ្យពិនិត្យលទ្ធភាពផ្តល់សញ្ជាតិខ្មែរ ដល់កីឡាករ Thiago។
លោកឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «តំណាងឲ្យកីឡាករ Thiago ខ្ញុំបាទគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកមានទឹកចិត្តមេត្តាត្រាប្រណី ដល់កីឡាករ Thiago ដោយសម្តេចពុកនឹងឧបត្ថម្ភថវិកាដល់កីឡាករ Thiago ចំនួន $២០,០០០ និងស្នើសុំទៅកាន់ក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់សញ្ជាតិខ្មែរទៅកាន់កីឡាករ Thiago បន្ថែមទៀត។ ខ្ញុំជាប្រជាជនកម្ពុជាម្នាក់ ខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងក្រៃលែង ពុំមានពាក្យអ្វីថ្លែងបានឡើយ ដែលសម្តេចពុកគិតគូរ ដល់សុខទុកកីឡាករ និងប្រជាជនទូទៅយ៉ាងខ្លាំងបែបនេះ»។
តំណាងឲ្យកីឡាករ Thiago លោកឧកញ៉ាសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសផ្តល់ថវិកាចំនួន ២០,០០០ដុល្លារ ដល់កីឡាករប្រដាល់ Thiago។ ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹងក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago៕

អត្ថបទដែលជាប់ទាក់ទង