ឃាត់ជនសង្ស័យម្នាក់ គំរាមសម្លាប់ប្រជាការពារ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
ឃាត់ជនសង្ស័យម្នាក់ គំរាមសម្លាប់ប្រជាការពារ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
ខេត្តពោធិ៍សាត់ ៖ កាលពី រសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ បុរសជាជនសង្ស័យម្នាក់ គំរាមសម្លា.ប់ប្រជាការពារ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរចាប់ឃាត់ខ្លួននៅចំណុចផ្ទះជនរងគ្រោះដែលជាប្រជាការពារ ស្ថិតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ។
បើតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១២និង០៥នាទីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូល្បាត ជាមួយសមត្ថកិច្ចចំនួន០៥នាក់ ដែលមានលោកនាយរងប៉ុស្តិ៍ចំនួន០២នាក់ មន្ត្រីប៉ុស្តិ៍០១នាក់ និងកម្លាំងប្រជាការពារ ០២នាក់ ពេលកំពុងជិះល្បាតតាមផ្លូវ ក៏ប្រទះឃើញឈ្មោះ សុខ លីឈៀង កំពុងឆក់ត្រី នៅក្នុងអូរខាងត្បូង ស្ពានកកោះ ជាប់ផ្លូវជាតិលេខ៥ ពេលនោះពួកខ្លួនបានឃាត់ ហើយធ្វើការដកហូតយកឧបករណ៍នេសាទម៉ាស៊ីនឆក់ត្រី យកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីអប់រំអោយបញ្ឈប់សកម្មភាពនេសាទឆក់ត្រីខុសច្បាប់ បន្តទៀត ។
ជនសង្ស័យឈ្មោះ សុខ លីឈៀង បានទូរសព្ទទៅខ្លួន សួររកលេខទូរស័ព្ទលោកនាយរងប៉ុស្តិ៍ ប៉ុន្តែរូបគេមិនបានឲ្យទេ ហើយជនសង្ស័យបានបិទទូរសព្ទបាត់ទៅ លុះដល់ម៉ោង១២និង៤០នាទី ថ្ងៃខែដដែល ជនសង្ស័យ បានជិះម៉ូតូចូលក្នុងផ្ទះរបស់ខ្លួន ហើយកាន់កាំបិត មកជាមួយ ដោយនិយាយថា បើមិនយកម៉ាស៊ីនឆក់ត្រី មកឲ្យវិញទេ គេនឹងមានបញ្ហាហើយ ។ ក្រោយកើតមានរឿងហេតុដូច្នោះ ជនរងគ្រោះជាប្រជាការពារ ក៏ទូរសព្ទសុំជំនួយអន្តរាគមន៍ ពីសមត្ថកិច្ច ។
ក្រោយទទួលទូរសព្ទពីជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ លីឈៀង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរៀបចំនីតិវិធីចាត់ការបន្ត ៕