មហាជនស្នើសុំជាពិសេស ដល់សមត្ថកិច្ចជំនាញចរាចរណ៍ អនុវត្តច្បាប់បញ្ឈប់ កុំឱ្យក្មេងអាយុក្រោម ១៨ឆ្នាំបើកបរម៉ូតូ ដែលប្រឈមខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍
មហាជនស្នើសុំជាពិសេស ដល់សមត្ថកិច្ចជំនាញចរាចរណ៍ អនុវត្តច្បាប់បញ្ឈប់ កុំឱ្យក្មេងអាយុក្រោម ១៨ឆ្នាំបើកបរម៉ូតូ ដែលប្រឈមខ្ពស់នឹងគ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រះសីហនុ ៖ ក្មេងៗទាំងនេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ធ្លាប់ឃាត់ណែនាំ និងផាកពិន័យ ម្តងរួចមកហើយ ជាមួយនឹងម្តាយរបស់ពួកគេ ឲ្យបញ្ឈប់ការឲ្យក្មេងៗទាំងនេះបើកបរម៉ូតូ នៅលើដងផ្លូវទៀត ព្រោះមិនទាន់គ្រប់អាយុ ប៉ុន្តែគួរឲ្យសោកស្តាយ ថ្ងៃនេះទទួលបានរូបភាព ពីប្រជាពលរដ្ឋ ដែលឃើញក្មេងៗទាំងនេះ នៅបន្តបើកបរម៉ូតូដដែល ហើយពលរដ្ឋប្រាប់ថា ក្មេងៗទាំងនេះបានបើកបរម៉ូតូលឿន អត់ពាក់មួកសុវត្ថិភាព អត់ឈប់ស្តុប និងបើកបរកៀរគេជាដើមទៀតផង។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការដែលមានឈ្មោះថា , (ប្រជាជន ខេត្តព្រះសីហនុ) នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា, ឪពុកម្ដាយ អាណាព្យាបាល លោកគ្រូអ្នកគ្រូ បន្តជួយអប់រំ ណែនាំចំពោះ ក្រុមយុវជន យុវត្តី ដែលមានអាយុក្រោម ១៨ឆ្នាំ មិនត្រូវឲ្យកាន់ចង្កូតបើកបរម៉ូតូ ឡាន ។ ពួកគេមិនទាន់គ្រប់អាយុក្នុងការបើកបរនៅឡើយទេ ពិសេសការបើកបររបស់ពួកគេ ភាគច្រើនមិនបានគោរពច្បាប់ចរាចរណ៍ មានករណីភ្លើតភ្លើន មិនខ្លាចឧបសគ្គដែលកើតមានចំពោះខ្លួននៅខាងមុខ។ ដូច្នេះសូមឪពុកម្ដាយ អាណាព្យាបាល យុវជន យុវតី កុំថាឡើយទៅនៅខេត្តព្រះសីហនុ គឺទូទាំងក្របខ័ណ្ឌប្រទេស មេត្តាយកចិត្តទុកដាក់ អប់រំ ណែនាំ ឱ្យពួកគេ មានសីលធម៌ល្អក្នុងសង្គម។ បើស្រឡាញ់កូន មិនត្រូវបណ្ដែតបណ្ដោយ ឬបំពេញបំណងដល់ពួកគាត់ ឱ្យមានការបើកបរ ទាំងប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់នោះឡើយ។
ដូចពាក្យចាស់លោកថា, បើស្រឡាញ់កូនចៅផៅសណ្ដាន កុំយកមកឱបពីមុខ គឺទុកនៅខាងក្រោយ។ ចំណុចនេះក៏មានន័យប្រៀបធៀប ជាអត្ថានុរូប ដូចជាសត្វស្វា កាសបើស្រឡាញ់កូនកាន់តែខ្លាំង គេប្រាកដជាយកកូននោះមកឱបនឹងដើមទ្រូង ដោយឡែកកូនស្វា ឯទៀតដែល មេមិនសូវស្រឡាញ់ ច្រើនពួកគេរត់មកទុំ តោងពីលើមេ របស់ពួកគេ។ ដូច្នេះប្រសិនបើមេស្វា ត្រូវហែលទឹក ប្រាកដណាស់ថា កូនស្វាដែលស្រឡាញ់ជាងគេយកមកឱបនឹងដើមទ្រូង អាចនឹងឈ្លក់ទឹក លង់ងាប់។ ដោយឡែកកូនៗដែលទុំពីលើខ្នង បែរជារួចខ្លួនរួចផុតពីគ្រោះថ្នាក់។
តាមរយៈផេក ឈ្មោះថា ( ប្រជាជន ខេត្តព្រះសីហនុ ) តែងយករឿងសង្គមពិតៗ ដែលបងប្អូនប្រជាពលរដ្ឋយើង មើលរំលង ខុសប្រក្រតី មិនរក្សា សណ្ដាប់ធ្នាប់សាធារណៈ ការបើកបរបញ្ចាស់ទិស ក្មេងមិនទាន់គ្រប់អាយុបើកបរ ការចតម៉ូតូឡានគ្មានសណ្ដាប់ធ្នាប់ និងការទុកដាក់ ចោលសម្រាមពាសវាលពាក្យកាល បន្ទោបង់នោម ដោយគ្មានសណ្ដាប់ធ្នាប់ ច្រើនបានយករូបភាពទាំងនោះ បង្ហោះក្នុងន័យ រិះគន់ស្ថាបនា ដើម្បីឲ្យសង្គមរបស់យើង មានភាពល្អប្រសើរទាំងអស់គ្នា ៕