Banner KNP Detail Top

ខេត្តមណ្ឌលគិរី បានត្រៀមរួមជាស្រេច សម្រាប់ទទួលភ្ញៀវទេសចរ មកទស្សនាកំសាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ខេត្តមណ្ឌលគិរី បានត្រៀមរួមជាស្រេច សម្រាប់ទទួលភ្ញៀវទេសចរ មកទស្សនាកំសាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ


មណ្ឌលគិរី៖ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលក្រុងសែនមនោរម្យ សហការជាមួយអង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ច បានរៀបចំកែលម្អសោភ័ណ្ឌភាពក្រុង ក៏ដូចជាការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងក្រុងសែនមនោរម្យ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានដឹកនាំមន្រ្តីក្រោមឱវាទ បានចុះរៀបចំតុបតែងភ្លើងលម្អ ដាំសួនផ្កានៅបរិវេណសេះនាគ ដើម្បីកែលម្អសោភ័ណ្ឌភាព សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានរៀបចំដាក់ទង់ជាតិនៅតាមបណ្ដោយផ្លូវជាតិលេខ ៧៦A ក៏ដូចជាសួននៅក្នុងក្រុងសែនមនោរម្យនេះ។
លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ បានឳ្យដឹងថា រដ្ឋបាលខេត្តមណ្ឌលគិរី នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅក្នុងក្រុងសែនមនោរម្យ រដ្ឋបាលខេត្ត បានរៀបចំសង្រ្កាន្តសែនមនោរម្យ នៅបរិវេណទំនប់សែនសុខដុម និងមានការប្រគំតន្ត្រី ការតាំងពិព័ណ៌ម្ហូបអាហារ ការរៀបចំតំបន់ត្រជាក់ចិត្ត នៅដំរីដែក ក្នុងនោះដែរ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក៏បានរៀបចំជាទីតាំងសម្រាប់បងប្អូនជនជាតិដើមភាគតិច ទាក់ទងនឹងទំនៀមទម្លាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច តាំងពិព័ណ៌សម្ភារប្រើប្រាស់នៅជើងភ្នំដោះក្រមុំ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរៀបចំល្បែងប្រជាប្រិយជាច្រើនទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងនៅក្រុងសែនមនោរម្យ បានលេងយ៉ាងសប្បាយផងដែរ។ លោក អភិបាលក្រុង សង្ឃឹមថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ នឹងអញ្ជើញមកលេងនៅខេត្តមណ្ឌលគិរីនេះបានច្រើន ដោយសារនៅខេត្តនេះ ជាតំបន់ខ្ពង់រាប ហើយអ្វីដែលប្លែកពីខេត្តផ្សេងៗ គឺអាកាសធាតុត្រជាក់ល្អ និងមានធម្មជាតិជាច្រើន អាចថាជាការមកលេងដើម្បីបន្ធូរបរិយាកាសបន្ទាប់ពីគាត់ធ្វើការងាររយៈពេលកន្លងមកដែរ។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឳ្យដឹងថា ខេត្តមណ្ឌលគិរី មានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិក្នុងខេត្តសរុប ១០៥កន្លែង ក្នុងនោះ រមណីយដ្ឋានសេវាកម្មស្នាក់នៅ និងរមណីយដ្ឋានគ្មានសេវាកម្មស្នាក់នៅចំនួន ៣៨កន្លែង ស្នើនឹង ៥៥៦បន្ទប់ សេវាកម្មទេសចរណ៍ ក្នុងនោះ មានសណ្ឋាគារ ០៦កន្លែង ស្មើនឹង ២៥៧បន្ទប់ ផ្ទះសំណាក់ ៣៦កន្លែង ស្មើនឹង ៥៣៥បន្ទប់ ម៉ូតែល និងប៊ូទិក ១០កន្លែង ស្មើនឹង ២១៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ៣០កន្លែង។ លោក ក៏បានណែនាំដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ រីសត រមណីយដ្ឋាន និងភោជនីយដ្ឋាននានា សូមកុំឳ្យមានការតម្លើងថ្លៃ ដល់ភ្ញៀវ ដែលមកលេងកំសាន្ត នាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ លោក បញ្ជាក់ថា រហូតមកដល់ត្រឹមថ្ងៃទី០៧ ខែមេសានេះ មានភ្ញៀវទេសចរជាតិ អន្តរជាតិ បានមកកក់បន្ទប់ស្នាក់នៅ ដើម្បីមកលេងកំសាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ បានចំនួន ៧០%ហើយ ។ លោក បញ្ជាក់បន្ថែមថា ដើម្បីទាក់ទាញភ្ញៀវទេសចរ មកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រងនេះ នៅថ្ងៃទី១៣ ខែមេសាខាងមុខនេះ ខេត្តមានរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD នៅទីលានម៉ូទ័រផាក ក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយថែមទាំងរៀបចំព្រឹត្តិការសង្ក្រាន្តសែនមនោរម្យ រួមទាំងមានប្រគំតន្ត្រី ការតាំងពិព័ណ៌ម្ហូបអាហារ ការរៀបចំតំបន់ត្រជាក់ចិត្ត និងលេងល្បែងប្រជាប្រិយជាច្រើនទៀត ដើម្បីបង្កភាពសប្បាយរីករាយ។
លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី សូមជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍បន្ថែមទៀត និងចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់កាក់សំណល់ដែលបានហូបហើយឲ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង