Banner KNP Detail Top

រៀបចំពិធីបែបប្រពៃណី តាមទំនៀមជនជាតិដើមភាគតិច នៅលើបូជនីយដ្ឋាន ភ្នំដោះក្រមុំ

រៀបចំពិធីបែបប្រពៃណី តាមទំនៀមជនជាតិដើមភាគតិច នៅលើបូជនីយដ្ឋាន ភ្នំដោះក្រមុំ

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំមុន ពិធីបុណ្យចូលឆ្នាំថ្មីមកដល់ អាជ្ញាធរបានរៀបចំពិធីកាប់ក្របី សែនស្រា ជ្រូក ថ្វាយដល់អ្នកតាបារមីភ្នំដោះក្រមុំ ដើម្បីសុំសេចក្តីសុខចម្រើនដល់ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ឲ្យបានសុខសប្បាយ រស់នៅក្រោមដំបូងសន្តិភាពមានសុខដុមរមនាគ្រប់ភូមិឋាន ។

នាថ្ងៃទី១១ មេសា ២០២៣ ឱកាសស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបែបប្រពៃណីតាមទំនៀមជនជាតិដើមភាគតិច នៅលើបូជនីយដ្ឋានភ្នំដោះក្រមុំ ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បន្ទាប់ពីប្រារព្ឋពិធីសែនក្របីស្រាពាងដល់បារមីអ្នកតាភ្នំដោះក្រមុះ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានសំណេះសំណាលជាមួយបងប្អូនអ្នកភូមិដែលជួបប្រជុំគ្នានៅជើងភ្នំដោះក្រមុះ រៀបចំកម្មវិធីរំឮកវប្បធម៍ជនជាតិដើមភាគតិច ដោយឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី បានលើកទឹកចិត្តឲ្យបងប្អូនទាំងអស់ ត្រូវរៀនអភិវឌ្ឍន៏ខ្លួន អភិវឌ្ឍន៏ចំណេះដឹង និងរស់នៅសម្របជាមួយការវិវត្តន៍នៃសង្គមសម័យឌីជីថល។

ឯកឧត្តម ថង សាវុន បានជម្រុញដល់អ្នកពាក់ព័ន្ឋ មិនថាអង្គការក្រៅរដ្ឋាភិបាលឬមន្ត្រីរាជការ ត្រូវចូលរួមលើកកម្ពស់ស្មារតីប្រជាសហគមន៏ជនជាតិដើមភាគតិច បញ្ជូនកូនទៅសាលារៀនឲ្យបានគ្រប់ៗគ្នា បង្កើនការដាំដុះនិងចិញ្ចឹមសត្វតាមលក្ខណៈបច្ចេក ដើម្បីជួយជីវភាពគ្រួសារ។
ក្រៅពីការអប់រំ បង្កើនជីវភាពគ្រួសារ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ក៏បានក្រើនរំឮកដល់បងប្អូនទាំងអស់ត្រូវចេះថែរក្សាប្រពៃណីពីដូនតា ទោះបច្ចុប្បន្នវិទ្យាសាស្ត្រទំនើប បង្កលក្ខណៈងាយស្រួលរស់នៅពិតមែន ប៉ុន្តែប្រពៃណីទំនៀមទំលាប់ យើងមិនត្រូវបំភ្លេចឡើយ។ព្រោះការរក្សាបាននូវអត្តសញ្ញាណផ្ទាល់នៃជាតិសាសន៏មួយ ក៏ជាផ្នែកទាក់ទាញនូវចំណូលយ៉ាងក្រាស់ក្រែល តាមរយៈវិស័យទេសចរណ៏ ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងប្រជាសហគមន៍ជនជាតិដើមភាគតិចព្នង បានអញ្ជើញសែនព្រេនរូបសំណាក់រង្វង់មូលថ្មី តាមបណ្តោយផ្លូវភ្លោះ ជិតវិមានឯករាជ្យ ដែលតំណាងដោយ មេទ័ពឈ្មោះ ( ម្ពឹះត្រាង លើង ) ជិះដំរីចូលប្រយុទ្ឋកាលជំនាន់មុនហើយត្រូវបានប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីចាត់ទុកគាត់ជាវីរៈបុរស ៕

អត្ថបទដែលជាប់ទាក់ទង