Banner KNP Detail Top

បញ្ជូនទៅសាលាដំបូងខេត្ត សំណុំរឿងឃាតកម្ម បាញ់សម្លាប់មនុស្សនៅស្រុកថ្មគោល មៅបាត់ដំបង

បញ្ជូនទៅសាលាដំបូងខេត្ត សំណុំរឿងឃាតកម្ម បាញ់សម្លាប់មនុស្សនៅស្រុកថ្មគោល មៅបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១២ មេសា ឆ្នំា២០២៣នេះ សំណុំរឿងឃាតកម្ម បាញ់សម្លាប់មនុស្សនៅស្រុកថ្មគោល ទីបំផុត ក្រុមជនពាក់ព័ន្ធចំនួន០៦នាក់ នឹងត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ។
សំណុំរឿងឃាតកម្ម បាញ់សម្លាប់យុវជនម្នាក់យ៉ាងសាហាវឃោរឃៅ នៅស្រុកថមគោល កាលពីចុងសប្ដាហ៍មុន ពេលនេះត្រូវបានបិទបញ្ចប់ហើយ និងទីបំផុតមានជនសង្ស័យចំនួន០៦នាក់ ត្រូវបានឃាត់ខ្លួនជាផ្លូវការ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ក្នុងចំណោមជនសង្ស័យទាំង០៦នាក់នេះ គឺមានជនសង្ស័យចំនួន០៣នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថតាមឃាត់ខ្លួនបាន រីឯចំនួន០៣នាក់ទៀត ដែលមានទាំងជនដៃដល់កាន់កាំភ្លើងបាញ់ផ្ទាល់ដៃដល់ផង ត្រូវកម្លាំងនគរបាល នៃស្នងការខេត្ត តាមឃាត់ខ្លួនបាន ពេលពួកគេកំពុងសំងំលាក់ខ្លួននៅក្នុងផ្ទះសំណាក់មួយកន្លែង នៅក្នុងភូមិអង់ សង្កាត់អូរចា ក្រុងបាត់ដំបង។
ជនសង្ស័យទាំង០៦នាក់ ដែលត្រូវបញ្ជូនទៅតុលាការ រួមមាន ១-ឈ្មោះ វុធ សុខសួស្ដី ហ សល់ អាយុ២៥ឆ្នាំ នៅភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក (ជាជនដៃដល់ កាន់កាំភ្លើងខ្លី) ២-ឈ្មោះ ឡុង ស្រីចើត អាយុ២១ឆ្នាំ (បក្សពួក) ៣-ឈ្មោះ កៅ ឡីគួ អាយុ២១ឆ្នាំ (បក្សពួក) ៤-ឈ្មោះ កែវ ឡេងហាក់ អាយុ២៣ឆ្នាំ (បក្សពួក) ៥-ឈ្មោះ លឹម គឹមថុង អាយុ១៨ឆ្នាំ (បក្សពួក) និង ៦-ឈ្មោះ ស៊ី សំ អាយុ២៧ឆ្នាំ (បក្សពួក)។
ជាមួយនឹងការឃាត់ខ្លួននេះ កម្លាំងជំនាញ ដកហូតបានវត្ថុតាង កាំភ្លើងខ្លី០១ដើម ដែលជនដៃដល់ប្រើប្រាស់បាញ់សម្លាប់ជនរងគ្រោះ និងម៉ូតូចំនួន០៥គ្រឿង ដែលក្រុមជនដៃដល់ជិះធ្វើសកម្មភាព ក្នុងអំពើឃាតកម្មនេះ។ ជនទាំង០៦នាក់នេះ ត្រូវជាប់សង្ស័យថា បានរួមគំនិតគ្នា ប្រព្រឹត្តអំពើឃាតកម្ម (បាញ់សម្លាប់មនុស្ស) កាលពីថ្ងៃទី ៩ មេសា នៅលើកំណាត់ផ្លូវលំមួយកន្លែង នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។
ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនេះឈ្មោះ រឿង ប៉ូឡូ ប្រុសអាយុ២៨ឆ្នាំ នៅភូមិ ឃុំកើតហេតុ។ ខ្មាន់កាំភ្លើងបានបាញ់ចំនួន០២គ្រាប់ទៅលើជនរងគ្រោះ តែត្រូវមួយគ្រាប់របួសយ៉ាងធ្ងន់ធ្ងរ ហើយជនរងគ្រោះបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ បើតាមសមត្ថកិច្ច ដែលបានស្រង់ចម្លើយសារភាពរបស់ជនដៃដល់ គេអាចសន្និដ្ឋានបានថា ជម្លោះដែលឈានដល់ការបាញ់សម្លាប់គ្នាយ៉ាងឃោឃៅនេះ គឺ ផ្ដើមចេញពីរឿងគំនុំ។
ជនពាក់ព័ន្ធចំនួន០៣នាក់ ដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បានបញ្ជូនយកមកប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ហើយលោកស្នងការខេត្ត ក៏បានបញ្ជាឲ្យមន្ត្រីការិយាល័យជំនាញនេះ កសាងសំណុំរឿងបូកបញ្ចូលគ្នា ជាមួយក្រុមជនដៃដល់០៣នាក់ ដែលកម្លាំងស្នងការខេត្តឃាត់ខ្លួនបាន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ៕

អត្ថបទដែលជាប់ទាក់ទង