Banner KNP Detail Top

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ


(កំពង់ធំ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាព ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរជាមួយ លោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយដែលត្រូវប្រកាសនាពេលនេះ ដើម្បីអាចចាប់ផ្តើមបំពេញតួនាទីចូលរួមដឹកនាំពង្រឹងតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យបានរឹងមាំ និងរីកចម្រើន។
ដោយក្នុងនេះ ត្រូវយកចិត្តទុកដាក់លើភារកិច្ចសំខាន់ៗ៣ រួមមាន៖ ចូលរួមថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងបន្តសមិទ្ធផលទាំងនេះដើម្បីរៀបចំជាមូលដ្ឋាន ទុកឲ្យនាយទាហានបន្តវេនទៅមុខទៀត។
នាយឧត្តមសេនីយ៍ ក៏បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ព្រមជាមួយនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងនូវសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធ្វើយ៉ាងណាឲ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត លើសពីនេះ អង្គភាពក៏បានចូលរួមយ៉ាងសកម្មលើការងារអតីតយុទ្ធជន និងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត និងគ្រោះធម្មជាតិនានា ជាដើម។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះយោធភូមិភាគទី៤ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបានចូលរួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជំនាញ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងរយៈកន្លងមកនេះ ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់អំទ្បុងពេលនៃការអបអរសាទររីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង