Banner KNP Detail Top

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវធានាបានយ៉ាងល្អប្រសើរ នៅភូមិសាស្ដ្ររាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ៖ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវធានាបានយ៉ាងល្អប្រសើរ នៅភូមិសាស្ដ្ររាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ


(ភ្នំពេញ)៖ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។
សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នៅរាជធានីភ្នំពេញ ត្រូវធានាបានយ៉ាងល្អប្រសើរបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានគូសបញ្ជាក់ថា ក្នុងពិធីបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាបញ្ហាចរាចរណ៍ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ។ ដោយឡែក បញ្ហាអគ្គិភ័យបានកើតឡើង២ករណី ធៀបនឹងឆ្នាំកន្លងទៅកើនពីរករណី ប៉ុន្ដែទំហំអគ្គិភ័យដែលកើតមាននេះ តិចតួចប៉ុណ្ណោះ ដែលសមត្ថកិច្ចអាចគ្រប់គ្រងបានទាន់ពេលវេលា ហើយក៏បញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា សម្រាប់បញ្ហាចរាចរណ៍វិញ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំ កើតឡើង៨លើក ធៀបឆ្នាំកន្លងទៅ៥លើក កើនឡើង៣លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់១៩នាក់។
ចំណែកបទល្មើសព្រហ្មទណ្ឌវិញ លោកបានអះអាងថា ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញផែនការច្បាស់លាស់ដល់កងកម្លាំងទាំងអស់ ដើម្បីចេញល្បាតបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ និងចេញអន្ដរាគមន៍ភ្លាមៗ នៅពេលមានហេតុការណ៍ណាមួយកើតឡើង។ បទល្មើសព្រហ្មទណ្ឌ បានកើតឡើង៧ករណី ប៉ុន្ដែក្នុងចំណោម៧ករណីនេះ សមត្ថកិច្ចបានបង្ក្រាបភ្លាមៗ ៥ករណី នៅសល់២ករណីទៀត កំពុងបន្ដស្រាវជ្រាវ។
យ៉ាងណាមិញ សម្រាប់សង្ក្រាន្ដវត្តភ្នំ ដែលត្រូវបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនោះ យើងឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបាននាំគ្នាទៅកម្សាន្ដសប្បាយរីករាយ ប្រកបដោយស្នាមញញឹម ក្រោមម្លប់នៃសុខសន្ដិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង