អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយមន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ ការងារកាយស្តារអាចម៍ដី ដែលគេបានចាក់លប់ទន្លេតូចចេញវិញ បានសម្រេចលើកគម្រោងសាងសង់ ស្ពានបេតុងមួយកន្លែង ឆ្លងកាត់ទន្លេតូច
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយមន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ ការងារកាយស្តារអាចម៍ដី ដែលគេបានចាក់លប់ទន្លេតូចចេញវិញ បានសម្រេចលើកគម្រោងសាងសង់ ស្ពានបេតុងមួយកន្លែង ឆ្លងកាត់ទន្លេតូច
ភ្នំពេញៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយមន្ត្រី នៃមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ ការងារកាយស្តារអាចម៍ដី ដែលគេបានចាក់លប់ទន្លេតូចចេញវិញ នៅចំណុចមុខ វត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលគេបាន កាយតាមបញ្ជារបស់ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបើកមុខទឹក ឱ្យមានលំហូរ ប្រក្រតីឡើងវិញ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹង តាមរយៈលោក ជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមេសាថា ការងារកាយស្តារបើកផ្លូវទឹក ដើម្បីឱ្យទឹកទន្លេ មានលំហូរប្រក្រតីវិញ ជាកិច្ចការរបស់ក្រសួងធនធានទឹក បានធ្វើរួចហើយ។ ឯការសាងសង់ស្ពាន ជាកិច្ចការរបស់ស្ថាប័នផ្សេង ក្រសួងធនធានទឹក ដោះស្រាយតែកន្លែង ដែលរាំងស្ទះផ្លូវទឹកនោះទេ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ និងដោយមានសំណើរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន លោកអភិបាលខេត្តកំពង់ចាម បានសម្រេចលើកគម្រោងសាងសង់ ស្ពានបេតុងមួយកន្លែង ឆ្លងកាត់ទន្លេតូច នៅចំណុចខាងមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលជាកន្លែងគេបានចាក់ដីលប់ធ្វើផ្លូវ ដើម្បីតភ្ជាប់ចរាចរ ពីស្រុកកោះសូទិន ទៅស្រុកអូររាំឪ ។
បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់ឱ្យដឹងថា ការសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ជាគម្រោងឥណទានរបស់កូរ៉េ តែការសាងសង់មិនទាន់បាន ចាប់ផ្តើម នៅពេលនេះទេ គឺកំពុងតែដំណើរការ នីតិវិធី ជ្រើសរើសក្រុមប្រឹក្សាបច្ចេកទេសសិក្សាប្លង់លម្អិត។
លោក ឃុត សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង បានប្រាប់ឱ្យ ដឹងថា ក្រោយពីការ កាយស្តារដី ដែ លគេបានចាក់លប់ទន្លេតូច ចេញវិញអស់ តាមបញ្ជារបស់លោក រដ្ឋមន្ត្រីក្រសួងធនធានទឹករួចមក ទឹកទន្លេតូចបានហូរទៅដល់ឃុំមេសព្រះចាន់ ជាកន្លែងខ្វះទឹក ដោយសារគេលប់ទន្លេនោះហើយ។ ស្ថានភាពទឹក ហូរច្រើន ប្រជាជននាំគ្នាបូមដាក់ស្រូវ និងប្រើប្រាស់លែងបារម្ភខ្វះ។ ទន្លេតូច មិនដែលរីង អស់ទឹកទេ ពីដើមមក ។ ទន្លេនេះហូរកាត់ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកអូររាំងឪ ស្រុកស៊ីធរកណ្តាល ស្រុកពោធិរៀង ស្រុកពារាំង និងស្រុកពាមរក៍ ហើយទៅជាប់ជាមួយទន្លេមេគង្គវិញ នៅអ្នកលឿង៕