Banner KNP Detail Top

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រគល់ករណីក្រុមអ្នកកាងល្បែង ព្រួតគ្នាវាយអ្នកសារព័ត៌មាន ចាត់ការតាមនីតិវិធី

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រគល់ករណីក្រុមអ្នកកាងល្បែង ព្រួតគ្នាវាយអ្នកសារព័ត៌មាន ចាត់ការតាមនីតិវិធី


ភ្នំពេញ៖ ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ថា “ជូនស្នងការមុខការ”។ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានប្រគល់ករណីក្រុមអ្នកកាងល្បែងស៊ីសងខុសច្បាប់ព្រួតគ្នាវាយអ្នកសារព័ត៌មាននៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជូនឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា មកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនក្រុមបងធំកាងល្បែងស៊ីសងខុសច្បាប់ដែលព្រួតគ្នាវ៉ៃទាត់ធាក់លើអ្នកសារព័ត៌មានមួយរូបនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីដើមខែមេសា ឆ្នាំ២០២៣ យកមកផ្តន្ទាទោស តាមច្បាប់នៅឡើយទេ ពោលគឺជិតមួយខែហើយ។
ជាមួយគ្នានេះ ក្រុមអ្នកសារព័ត៌មានឯករាជ្យបានទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិមេត្តាជួយ អន្តរាគមន៍និងរកយុត្តិធម៌ដល់អ្នកសារព័ត៌មានដែលរងការរំលោភបំពានពីក្រុមកាងល្បែងស៊ីសងខុសច្បាប់ផង។
ចំណែកលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កំពុងស្រាវជ្រាវ។
សូមជម្រាបថា ក្រុមអាឆើត ត្រូវបានគេដឹងថា កាងល្បែងឱ្យលោកផ្កាយមួយម្នាក់និងជាជំនួយការអគ្គស្នងការរង នគរបាលជាតិមួយរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង