Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅខណ្ឌដង្កោ ពាក់ព័ន្ធករណីឆក់កាបូប

ឃាត់ខ្លួនជនសង្ស័យ ២នាក់ នៅខណ្ឌដង្កោ ពាក់ព័ន្ធករណីឆក់កាបូប

(ភ្នំពេញ)៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយពីបុរសម្នាក់ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចខាងមុខគណបក្សប្រជាជនសង្កាត់ព្រៃស ផ្លូវបេតុងស្ថិតនៅភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យ២នាក់ឈ្មោះ ជឹម រក្សា ហៅជាំ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ និងឈ្មោះ សេក ចាន់រតនា ហៅបឿក អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។ ដោយឡែក ជនរងគ្រោះឈ្មោះ ប៊ុត ជីវី អាយុ៤៦ឆ្នាំ មុខរបររត់កង់បី ទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខសណ្តោងកន្ទុយរ៉ឺម៉ក ឌុបប្រពន្ធចេញពីផ្ទះម្តាយនៅភូមិព្រៃល្ងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ត្រឡប់មកផ្ទះស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយជនរងគ្រោះបានស្ពាយកាបូប។
ពេលធ្វើដំណើរតាមផ្លូវបេតុងព្រៃស ពីលិចទៅកើត ដល់ចំណុចខាងមុខគណបក្សប្រជាជនសង្កាត់ព្រៃស ក៏មានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ៣គ្រឿង ស្របទិសគ្នា អែបខាងស្តាំដៃជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកកាបូបស្ពាយ របស់ជនរងគ្រោះបាន សម្រេចរួចនាំគ្នាជិះគេចខ្លួន។
ពេលនេះ ជនរងគ្រោះក៏បានបើកម៉ូតូរ៉ឺម៉កដេញតាមពីក្រោយ និងស្រែកថាចោរៗ រួចក៏មានកម្លាំងនគរបាលខណ្ឌដង្កោ ដែលជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍ខាងលើ ក៏ជួយអន្តរាគមន៍ដេញតាមពីក្រោយ រហូតដល់ផ្លូវលំ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់។
ជនសង្ស័យបានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយដាក់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ទៅលើជនសង្ស័យទាំងពីរនាក់៕

អត្ថបទដែលជាប់ទាក់ទង