សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ។
នេះជាលើកទី ៤ ដែលសម្តេចនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារនៅមន្ទីរពេទ្យកុមារជាតិ។ អគារសម្ភពនេះមានកម្ពស់ ៤ ជាន់ដែលអាចដាក់អ្នកជំងឺបានប្រមាណ ១០០ គ្រែ។ អគារមន្ទីរពេទ្យថ្មីបន្ថែមទៀតនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតា និងកុមារកាន់តែប្រសើរបន្ថែមទៀត ព្រោះអគារនេះមានបំពាក់នូវបរិក្ខាពេទ្យទំនើបៗ និងមានប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងទិន្នន័យ និងប្រវត្តិអ្នកជំងឺបានច្បាស់លាស់ងាយស្រួល ក្នុងការផ្ដល់សេវាព្យាបាលអ្នកជំងឺបានលឿនរហ័សប្រកបដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។
អគារសម្ភពថ្មីនេះមានទទឹង ១៥ ម៉ែត្រ និងបណ្តោយ ៦០ ម៉ែត្រមានកម្ពស់៤ជាន់ ចាប់ផ្ដើមសាងសង់នៅខែកុម្ភៈឆ្នាំ២០២១ ហើយបញ្ចប់ការសាងសង់ និងបើកឱ្យដំណើរការនៅខែកញ្ញាឆ្នាំ២០២២ ដោយចំណាយថវិការបស់រាជរដ្ឋាភិបាល។ អគារថ្មីនេះមានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗ ជាជំនួយរបស់ប្រទេសឆេក ដោយមានផ្តល់សេវាពិគ្រោះជំងឺកុមារ ពិនិត្យផ្ទៃពោះ ចាក់ថ្នាំបង្ការកុមារ រោគស្ត្រី សម្រាលកូន ផ្នែកវះកាត់និងទារកមានបញ្ហាផ្សេៗក្រោយសម្រាល៕