អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ ករណីលោក ឡាយ សំណាង តំណាងអយ្យការបានបេីកការស៊េីបសួរ ពីបទ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ ករណីលោក ឡាយ សំណាង តំណាងអយ្យការបានបេីកការស៊េីបសួរ ពីបទ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ខែមករា ឆ្នំា២០២៣នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ករណីលោក ឡាយ សំណាង អនុប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា តំណាងអយ្យការបានបេីកការស៊េីបសួរ ពីបទ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់។
អង្គភាពប្រឆាំងអំពើពុករលួយ ឬ អ.ប.ព (ACU) បានឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ពាក់ព័ន្ធការប្រព្រឹត្តអំពើ ពុករលួយ កិបកេងថវិការដ្ឋជិត ៤០ម៉ឺនដុល្លារ និងពាក់ព័ន្ធការ សម្អាតប្រាក់។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនទៅសាលាដំបូងរាធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានមានប្រសាសន៍ប្រាប់ នៅព្រឹកថ្ងៃ ទី១១ ខែមករា នេះថា អង្គភាពប្រឆាំងអំពើពុករលួយបាន សម្រេចឃាត់ខ្លួនលោក ឡាយ សំណាង អនុប្រធាននាយក ដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា កាលពីថ្ងៃទី១០ ខែមករា ហើយបានបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១១ ខែមករា ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ថា យើង បានប្រកាសឃាត់ខ្លួនកាលពីម្សិលមិញហើយ (១០ មករា) ហើយយើងស៊ើបអង្កេតរឿងនេះ អស់១២ ,១៣ខែដែរ ។យើងគិតថា ម៉ោងនេះគាត់កំពុងនៅមុខព្រះរាជអាជ្ញាហើយ។
ចំណែកលោកសយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើ ពុករលួយ បានមានប្រសាសន៍ប្រាប់ ថា អង្គភាព ប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកឡាយ សំណាង កាលពីម្សិលមិញ និងបានបញ្ជូនខ្លួន នៅសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា។
លោកបញ្ជាក់ថាការកសាងសំណុំរឿងរបស់យើងគឺពាក់ព័ន្ធនឹងបទល្មើស ចំនួនពីរ ទី១. បទល្មើសកេងយកផលប្រយោជន៍ ដោយខុសច្បាប់ និងទី២. ការសម្អាតប្រាក់។ យើងបាន រកឃើញជាមួយ នឹងក្រសួង គឺទឹកប្រាក់ដែលគាត់កិបកេងមាន ចំនួន ១.៥៤៨លានរៀល ប្រហែលជាជិត ៣៩ម៉ឺនដុល្លារ។
អ្នកនាំពាក្យបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំង អំពើពុករលួយមានលក្ខណៈម៉ត់ចត់ ប្រមូលគ្រប់ជ្រុង ជ្រោយ គឺប្រើពេលរហូតទៅដល់ ១៣ខែ បានឈានដល់ថ្ងៃឃាត់ខ្លួន កាលពីថ្ងៃទី១០ ខែមករា និងបានបញ្ជូនទៅតុលាការ កាល ពីវេលាម៉ោង ៩:៣០ព្រឹក។ ករណីនេះ គឺអង្គភាពប្រឆាំងអំពើ ពុក រលួយបានទទួលបណ្តឹងពីក្រសួងក្រសួង សង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ហើយស្របពេល ជាមួយគ្នា នឹង ក្រសួងក៏បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានី ភ្នំពេញដែរ។ សាលាដំបូងរាជធានីភ្នំពេញក៏បានបញ្ជូនសំណុំរឿងនេះមកអង្គភាពប្រឆាំងអំពើពុករលួយដែរ ពីព្រោះដោយសារវា ជា សមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕