Banner KNP Detail Top

ក្រសួងសុខាភិបាល ជូនដំណឹងពីការរៀបចំ ផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES

ក្រសួងសុខាភិបាល ជូនដំណឹងពីការរៀបចំ ផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣
ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នឹងមានបងប្អូន ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួតកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងទីកន្លែងប្រកួតសំខាន់ៗមួយចំនួនទៀត នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
ដើម្បីត្រៀមផ្តល់សេវាការពារសុខភាព និងសង្គ្រោះបន្ទាន់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) នាពេលខាងមុខ ក្រសួងសុខាភិបាលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងបានណែនាំដល់គ្រប់អង្គភាពក្រោមឱវាទពាក់ព័ន្ធ និងមានការចូលរួមពីមូលដ្ឋានសុខាភិបាលឯកជនមួយចំនួន ដើម្បីរៀបចំផែនការការពារសុខភាព និងសង្គ្រោះបន្ទាន់ រួមមាន៖
* មន្ទីរពេទ្យជាតិចំនួន០៧ (មន្ទីរពេទ្យជាតិតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក)
* មន្ទីរពេទ្យបង្អែកខេត្តចំនួន០៤ (ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប)។
* ក្រុមគ្រូពេទ្យសរុបចំនួន ៨៣៣នាក់ (រាជធានីភ្នំពេញចំនួន ៤៥៧នាក់)
* រថយន្តគិលានសង្គ្រោះចំនួន ១១៤គ្រឿង (រាជធានីភ្នំពេញចំនួន ៧២គ្រឿង)
* រថយន្តគ្លីនិកចល័តចំនួន ០៩ គ្រឿង (រាជធានីភ្នំពេញចំនួន ០៦គ្រឿង)
* តង់សុខភាពចំនួន ១១តង់ (រាជធានីភ្នំពេញចំនួន០៧តង់)។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកសេវាសុខភាព និងសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ នៅតាមទីតាំងដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ និងសូមជូនភ្ជាប់មកជាមួយ នូវតារាងកំណត់ទីតាំង (QR CODE) ប្រភេទរថយន្តគិលានសង្គ្រោះ ឈ្មោះមន្ត្រីបុគ្គលិកទទួលខុសត្រូវ និងលេខទូរស័ព្ទតាមទីតាំងនីមួយៗ។
ក្រសួងសុខាភិបាល នឹងធ្វើបច្ចុប្បន្នភាពទីតាំងផ្តល់សេវាសុខភាព និងសង្គ្រោះបន្ទាន់តាមស្ថានភាពជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង