Banner KNP Detail Top

សម្រេចចោទប្រកាន់លោក ស៊ាន ប៊ុនណាល់ អតីតអធិការរងស្រុកបាភ្នំ ជាផ្លូវការហើយ ពីបទ ហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់

សម្រេចចោទប្រកាន់លោក ស៊ាន ប៊ុនណាល់ អតីតអធិការរងស្រុកបាភ្នំ ជាផ្លូវការហើយ ពីបទ ហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់

ខេត្តព្រៃវែង៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បើយោងតាមការបញ្ជាក់ពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា, តំណាងអយ្យការ អមសាលាដំបូងខេត្តព្រៃវែងបានសម្រេចធ្វើការចោទប្រកាន់លោក ស៊ាន ប៊ុនណាល់ អតីត អធិការរងស្រុកបាភ្នំជាផ្លូវការហើយពីបទ «ហិង្សាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយខុសច្បាប់»។
លោក ចាន់ វណ្ណះ បានបន្តថា ក្នុងសំណុំរឿងមួយនេះ លោកបានចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។ បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងនីតិវិធីរបស់ចៅក្រមស៊ើបសួរអាចថា រសៀលថ្ងៃដដែល នេះ ចៅក្រមនិងចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្ន។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាល ខេត្តព្រៃវែង បានប្រាប់ពីម្សិលមុិញ ជនសង្ស័យត្រូវបានមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនទៅកាន់តំណាងអយ្យការ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
ជនត្រូវចោទឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ឆ្នាំ មានតួនាទីជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯជនរងគ្រោះឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។
ទាក់ទិនករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យស្នងការនគរបាលខេត្តព្រៃវែង អនុវត្តគោលការ៣ចំណុចដូចខាងក្រោម ៖
១-ឃាត់ឲ្យជនសង្ស័យនៅស្នងការដ្ឋាននគរបាលខេត្ត ផ្អាកការងារ។
ទី២-បញ្ជូនឯកសារទាំងស្រុងទៅតុលាការវិនិច្ឆ័យតាមច្បាប់។
ទី៣-អោយស្នងការសួរសុខទុក្ខ និងសុំទោសដល់គ្រួសារព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល។
គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ថ្ងៃចូលឆ្នាំទី២ មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំចំនួន៤នាក់ ដឹកនាំដោយឈ្មោះ ស៊ាន ប៊ុនណាល់ បានចុះបង្ក្រាបល្បែងបញ្ជល់មាន់នៅចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ក៏កើតមានករណីប្រតាយប្រតប់គ្នា ឈានដល់រាលកៃកាំភ្លើង ផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ។
សូមបញ្ជាក់ថា ស្នងការនគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងផ្ដល់ការណែនាំដល់នគរបាលស្រុកបាភ្នំ ពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ និងការងារចុះបង្ក្រាបបទល្មើសនានា កាលពីម្សិលមុិញ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដោតទៅលើការពង្រឹងសមត្ថភាពមន្ត្រីនគរបាល ពង្រឹងវិន័យកងកម្លាំងនគរបាល និងបានធ្វើការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រចាំថ្ងៃ និងការងារចុះបង្ក្រាបបទល្មើសនានា ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៏បានជំរុញ ក៏ដូចជាលើកទឹកចិត្តឱ្យកម្លាំងនគរបាលស្រុកបាភ្នំ ត្រូវខិតខំបង្រ្កាបល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើង ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ប្រកបដោយជំនាញ និងវិជ្ជាជីវៈជានគរបាល ៕

អត្ថបទដែលជាប់ទាក់ទង