ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា
(ភ្នំពេញ)៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះហើយ ផ្លូវល្បឿនតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការ ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពិធីបើកការដ្ឋានសាងសង់ផ្លូវលឿនទី២នៅកម្ពុជា នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះមានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និងត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយឆ្លងទន្លេមេគង្គ។ គិតទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងប្រហែល ៥គីឡូម៉ែត្រ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១,៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី ផ្លូវនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និងភ្ជាប់ទៅប្រទេសវៀតណាម៕