Banner KNP Detail Top

ជនសង្ស័យក្នុងករណីឃាតកម្ម ដែលចាក់សម្លាប់ជនរងគ្រោះអំឡុងពេលផឹកស៊ី

ជនសង្ស័យក្នុងករណីឃាតកម្ម ដែលចាក់សម្លាប់ជនរងគ្រោះអំឡុងពេលផឹកស៊ី

ខេត្តកំពង់ស្ពឺ ៖ ឃាត់ខ្លួនជនដៃដល់នេះ ធ្វើឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ល្ងាច ដោយផ្នែកនគរបាលយុត្តធម៌ស្រុកគងពិសី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្នំក្រពើ ឃាត់ខ្លួនជនត្រូវចោទដែលមានឈ្មោះ ង៉ែត សុខសាន ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៦១/២០២៣ របស់លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពនៃជនរងគ្រោះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ រួចបញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្ត។
សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យដៃដល់ក្នុងករណីឃាតកម្មនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាពិសេសក៏សូមថ្លែងអំណរគុណដល់តំណាងអយ្យការដែលយកចិត្តទុកដាក់រឿងនេះ។ ហើយអ្វីដែលពួកគាត់ចង់បាន គឺពន្លឺយុត្តិធម៌ ពេលនេះគឺបានឃើញហើយថា យុត្តិធម៌ពិតជាមានសម្រាប់ជនរងគ្រោះ។
ប្រភពពីមន្ត្រីនគរបាលខេត្តកំពង់ស្ពឺ ក៏បានបង្ហើបប្រាប់ថា ពេលខ្លះមន្ត្រីតុលាការមួយចំនួនក៏មិនល្អប៉ុន្មានដែរ ដូចជាករណីនេះជាដើម កុំបន្ទោសទៅលើអ្នកកាសែតថា អ្នកកាសែតខូច គឺខ្លួនឯងជាអ្នកខូច បើរឿងនេះមិនបែកធ្លាយដល់អ្នកកាសែត ហើយអ្នកកាសែតមិនផ្សាយ ម្ល៉េះសមដីកានឹងដេកក្នុងថតតុរាប់ខែទៅមុខទៀត បាត់ទៅហើយ។
បច្ចុប្បន្ននេះ នៅក្នុងស្ថាប័នអយ្យការ ក៏ដូចជាតុលាការមានមន្ត្រីមួយចំនួន តែងតែឆ្លៀតឱកាសរត់ការរឿងក្តីចេញពីបន្ទប់មួយទៅបន្ទប់មួយ ដែលការធ្វើបែបនេះ គឺហាក់បីដូចជាចង់បង្ហាញឥទ្ធិពល និងអំណាចរបស់ខ្លួនថា ខ្លួនជាមនុស្សរបស់មេប្រើ។ ការប្រព្រឹត្តខ្លួនបែបនេះ គឺជាការរំលោភដែនសមត្ថកិច្ចដែលធ្វើឲ្យមន្ត្រីមួយចំនួន មានការស្ទាក់ស្ទើរក្នុងការអនុវត្តនីតិវិធី។ ករណីនេះ គួរណាស់តែថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ចាត់មន្ត្រីចុះមកធ្វើអធិការកិច្ចនៅស្ថាប័នមួយនេះ។ ចៀសវាងកុំឲ្យមានរឿងអាស្រូវដូចជាករណីនេះជាដើម។
ប្រភពដដែលបន្តថា បើនិយាយពីរឿងអ្នកដែលរត់ការនៅស្ថាប័នមួយនេះវិញ មានទាំងប្រជាពលរដ្ឋ មានទាំងអ្នករោងចក្រ ដែលអ្នកខ្លះតាំងខ្លួន និងអួតប្រាប់គេឯងថា ខ្លួនធ្វើការនៅតុលាការ បើចង់រត់ការរឿងក្តីអោយទាក់ទងគេមក ព្រោះគេមានបងប្អូនធ្វើការនៅទីនោះស្រាប់ រឿងរត់ការក្តីនេះ មិនចេះចប់មិនចេះហើយនោះទេ គឺមានច្រើនករណីណាស់នាពេលកន្លងមក។ និយាយរួម អ្នកដែលពូកែចេញចូលតុលាការរត់ការរឿងក្តីនេះ បន្ទាប់ពីមានបទពិសោធន៍រត់ការដោះកូនខ្លួនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ក្រោយមកក៏មានភាពស្និទ្ធស្នាលជាមួយអ្នកធ្វើការនៅក្នុងស្ថាប័នមួយនេះ ហើយចាប់ដៃគ្នារកស៊ី រហូតមកមិនថា បទល្មើសអ្វីនោះទេ។
សូមរំលឹកថា នៅដំណាក់កាលស៊ើបសួរ បើទោះជាមានដីកាកោះឲ្យចូលខ្លួនទៅបំភ្លឺនៅស្ថាប័នតុលាការក្តី គឺគ្រប់ដំណាក់កាលទាំងអស់ពេលដែលជនសង្ស័យទទួលបានដីកា គឺមិនដែលចូលខ្លួនទៅឆ្លើយតាមការបរិច្ឆេទនោះទេ។
មន្ត្រីដដែលបានប្រាប់ផងដែរថា អំពើហិង្សាដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី ៧ឆ្នាំទៅ១៥ឆ្នាំ។ កាលបើអំពើនោះ បណ្ដាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១៩និង៣៨នាទីយប់ មានករណីហិង្សាដោយចេតនា បណ្តាលជនរងគ្រោះឱ្យស្លាប់ នៅចំណុចភូមិ អណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ដែលបង្កឡើងដោយឈ្មោះ ង៉ែត សុខសាន្ត ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ដោយបានយកកាំបិ.តចិតបន្លែចាក់ទៅលើឈ្មោះ វ៉ែន វ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ដែលត្រូវជាបងថ្លៃ រស់នៅក្នុងភូមិឃុំខាងលើ ចំនួន២កាំបិ.ត បណ្ដាលឱ្យត្រូវដើមដៃខាងឆ្វេង និងក្រោមដោះខាងស្តាំធ្វើឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕

អត្ថបទដែលជាប់ទាក់ទង