ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងយ៉ាងហ្គូន ខណៈប្រធានអូឡាំពិកមីយ៉ាន់ម៉ា ចាត់ទុកកម្ពុជា គឺជាព្រះរាជាណាចក្រ អច្ឆរិយៈ ដ៏អស្ចារ្យ
ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងយ៉ាងហ្គូន ខណៈប្រធានអូឡាំពិកមីយ៉ាន់ម៉ា ចាត់ទុកកម្ពុជា គឺជាព្រះរាជាណាចក្រ អច្ឆរិយៈ ដ៏អស្ចារ្យ
(ភ្នំពេញ)៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាំងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដំណើរការដោយរលូន និងជោគជ័យ ដោយមានអ្នកចូលរួមដង្ហែ និងអបអរសាទរសរុបជាង ១,៥០០នាក់ ។
លោក Minn Thein Zan រដ្ឋមន្ដ្រីសហភាពក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ា បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះពិធីដង្ហែនេះ ហើយបានចាត់ទុកកម្ពុជា គឺជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ ចំពោះការលើកលែងដ៏ច្រើនពុំធ្លាប់មាន ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះទៀតផង។
ពិធីដង្ហែនេះបានរៀបចំឡើងនៅនិវេសនដ្ឋាន នៃស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងយ៉ាំងហ្គូន ក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC, លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានការចូលរួមពីមន្ដ្រីកីឡាជាន់ខ្ពស់ និងអាជ្ញាធរ នៃរដ្ឋបាលភូមិភាគយ៉ាំងហ្គូនជាច្រើនផងដែរ។
លោក Minn Thein Zan បានសម្ដែងនូវមោទនភាពជាមួយកម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូង។ ក្នុងនាមប្រទេសមានទំនាក់ទំនងល្អប្រៀបដូចបងប្អូន លោកពិតជារីករាយក្នុងការសហការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ។ អ្វីដែលពិសេស គឺលោកពិតជាភ្ញាក់ផ្អើល ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចមិនឲ្យមានការលក់សំបុត្រ និងលក់សិទ្ធិផ្សព្វផ្សាយ ហើយថែមទាំងមិនតម្រូវឲ្យបង់ថ្លៃស្នាក់នៅ-ហូបចុករបស់ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសសមាជិកទាំងអស់ ក្នុងម្នាក់ ៥០ដុល្លារក្នុង ១ថ្ងៃថែមទៀត។
លោកបន្ដថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ដែលបានសម្រេចក្នុងការផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើនយ៉ាងដូច្នេះ។ ការផ្ដល់ជូននេះ គឺខ្ញុំមិនធ្លាប់បានលឺ ឬបានដឹងពីមុនមក សម្រាប់នៅប្រទេសផ្សេងៗទេ មានតែនៅកម្ពុជា គឺជាប្រទេសទី១ ដែលបានផ្ដល់ជូនយ៉ាងច្រើនបែបនេះ ខណៈនៅប្រទេសផ្សេងៗ គឺយើងត្រូវចំណាយ។ ខ្ញុំពិតជារីករាយជាខ្លាំង ចំពោះដំណឹងដ៏ល្អមួយនេះ។
«នេះគឺជាការផ្ដល់ជូនលើកដំបូងគេ ហើយក៏ជាការផ្ដល់ជូនដ៏ល្អ សម្រាប់ការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ដល់បណ្ដាប្រទេស ដែលចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា ដែលប្រទេសផ្សេងៗ ពុំធ្លាប់បានផ្ដល់ជូន។ ខ្ញុំពិតជាថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានផ្ដល់ជូនដូច្នេះ។ កម្ពុជា ពិតជាព្រះរាជាណាចក្រអច្ឆរិយៈមួយដ៏អស្ចារ្យ»។ លោក Minn Thein Zan បន្ថែម។
ជាមួយគ្នាដែរ លោក ហោ សារុន បានលើកឡើងថា គិតត្រឹមថ្ងៃនេះកម្ពុជានៅសល់ ១៤ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដំណើរឆ្ពោះទៅពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ការប្រារព្ធពិធីដង្ហែព្រះអគ្គិជ័យកីឡាថ្ងៃនេះ គឺជាវិធីដ៏ល្អមួយក្នុងការអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ ជាក់ស្ដែងពិធីដង្ហែនៅទីក្រុងយ៉ាំងហ្គូនថ្ងៃនេះ គឺជាជោគជ័យមួយទៀត ដែលមានអ្នកចូលរួមរហូតដល់ជាង ១,៥០០នាក់។
បេសកជនពិសេសកម្ពុជាបន្ដថា «នៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា យើងធ្វើការរួមគ្នាប្រកបដោយសុខដុមរមណីយកម្ម នៅក្រោមម្លប់សន្ដិភាព ហើយឥឡូវនេះ យើងមានមោទនភាពសូមប្រកាសថា កម្ពុជាឆ្នាំ២០២៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ប្រកួតអនុញ្ញាតឲ្យចូលទស្សនាដោយឥតគិតថ្លៃ និងផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ រួមជាមួយការមិនតម្រូវឲ្យប្រតិភូកីឡាបង់ប្រាក់ផងដែរ»។
លោកបន្ថែមថា «កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ប៉ុណ្ណោះទេ តែកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ។ នៅក្នុងឆ្នាំជាប្រវត្តិសាស្ដ្រ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កម្ពុជាកាន់តែមានភាពអស្ចារ្យមួយកម្រិតទៀត ដែលអច្ឆរិយភាពកើតមានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ឆ្នាំ២០២៣» គ្រប់ថ្ងៃគឺជាអច្ឆរិយៈ ការអញ្ជើញទស្សនាកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាពិសេសចំពេលដ៏ល្អ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ នេះគឺជាតថភាពមួយឆ្លុះបញ្ចាំងឲ្យឃើញពីសារសំខាន់នៃទំនាក់ទំនងរវាងវិស័យកីឡា និងវិស័យទេសចរណ៍ ដែលជាដៃគូដ៏ល្អឥតខ្ចោះ ក្នុងការលើកកម្ពស់គ្នាទៅវិញទៅមក»។ ទិដ្ឋភាព នៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងយ៉ាងហ្គូន ៕