Banner KNP Detail Top

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ៖ ក្រមសីលធម៌ មិនមែនជាច្បាប់ទេ តែជាក្រិត្យក្រមមួយរបស់ មនុស្សមួយក្រុម សម្រាប់ឯកភាពគ្នា ដើម្បីអនុវត្តការងារ

លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ៖ ក្រមសីលធម៌ មិនមែនជាច្បាប់ទេ តែជាក្រិត្យក្រមមួយរបស់ មនុស្សមួយក្រុម សម្រាប់ឯកភាពគ្នា ដើម្បីអនុវត្តការងារ

ភ្នំពេញ៖ ការជួបជុំនេះ ប្រព្រឹត្តិទៅនៅវិទ្យាស្ថានជាតិអប់រំនារាជធានីភ្នំពេញ រសៀលថ្ងៃសុក្រទី២១ ខែមេសា ឆ្នំា២០២៣នេះ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំការជួបជុំសមាជិកជាង ៥០០ នាក់ ដើម្បីផ្សព្វផ្សាយក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន។ ការផ្ដួចផ្ដើមគំនិត ក្នុងការជួបប្រជុំអ្នកសារព័ត៌មាននាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិបទនៃការអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភាផងដែរ។
វេទិកានេះ មានការពិភាក្សា សួរដេញដោល និងចែករំលែកបទពិសោធន៍ ព្រមទាំងចំណេះដឹងស្ដីពីការអនុវត្តវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន ព្រមទាំងមានការធ្វើបទបង្ហាញអត្ថបទក្រមសីលធម៌របស់ក្លិបអ្នកកាសែត ដល់សមាជិកទាំងអស់។ជាពិសេស ក៏មានវត្តមានអ្នកកាសែតជើងចាស់ ដែលពិសោធន៍យូរឆ្នាំរបស់កម្ពុជា និងបរទេស ដូចជា អូស្រាលី បារាំង អាល្លឺម៉ង់ និងថៃ ចំនួន ១០រូប រង់ចាំឆ្លើយសំណួរ និងចែករំលែកពិសោធន៍របស់ពួកគេផងដែរ។
ថ្លែងក្នុងវេទិកាពិភាក្សា ដើម្បីពង្រឹងក្រមសីលធម៌ នៃវិជ្ជាជីវៈសារព័ត៌មានរបស់ក្លិបអ្នកកាសែត លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍ថា «នេះជាវេទិកាដ៏ធំមួយ នៅក្នុងប្រវត្តិនៃវិស័យសារព័ត៌មាន ដែលបើកឱ្យមានការពិភាក្សាវែកញែក អំពីក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន ដែលជាប្រធានបទដ៏ក្តៅ នៅក្នុងយុគសម័យឌីជីថល។ ខ្ញុំមានជំនឿជឿជាក់ថាវេទិកានេះ នឹងជួយពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ឱ្យកាន់តែប្រសើរ ជាពិសេស ក្រមសីលធម៌ និងវិជ្ជាជីវៈនេះតែម្តង ដែលជាខែលការពារអ្នកព័ត៌មាន ពីការរិះគន់ និងប្តឹងផ្តល់»។
លោក ពុយ គា បានលើកឡើងថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ ក្នុងការស្វែងរកការពិត និងគោរពឱ្យបាននូវក្រមសីលធម៌ព្រោះក្រមសីលធម៌ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការប្រតិបត្តិវិជ្ជាជីវ:របស់អ្នកសារព័ត៌មាន ក្នុងការងារប្រចាំថ្ងៃ ។
លោក ពុយ គា បានលើកឡើងពីក្រមសីលធម៌ដែលតាក់តែង ដោយក្លិបអ្នកកាសែតកម្ពុជា មានចំនួន ៩ ប្រការ ដោយប្រការជាគោលទី១ ៖ គឺការស្វែងរក និងរាយការណ៍ព័ត៌មាន ដោយឈរលើគោលការណ៍ការពិតជាក់លាក់ប្រកបដោយសេចក្ដីថ្លៃថ្នូរដោយមិនធ្វើឱ្យសាធារណជនយល់ច្រលំ ,ទី២៖ ការទទួល ខុសត្រូវរាល់ការចេញផ្សាយពត៌មានរបស់ខ្លួន តាមច្បាប់សារព័ត៌មាន , ទី៣ ៖ ត្រូវរក្សាការសម្ងាត់ ជូនប្រភព និងជៀសវាងប៉ះពាល់ដល់ សេចក្ដីថ្លៃថ្នូ កិត្តិយស និងសុវត្ថិភាពរបស់បុគ្គលជាម្ចាស់ប្រភព,ទី៤៖សិទ្ធិឯកត្តបុគ្គល៖អ្នកសារពត៌មាន ត្រូវគោរពសិទ្ធិបុគ្គល លើកលែងតែមានការចាំបាច់តម្រូវឱ្យមានការចេញផ្សាយ ដើម្បីប្រយោជន៍សាធារណៈ , ទី៥ ៖ ការគោរពសិទ្ធិស្រ្តី កុមារ និងជនពិការភាព , ទី៦ ៖ ការរើសអើង៖ អ្នកសារពត៌មាន ត្រូវចៀសវាងការប្រើទម្រង់ឃ្លា ប្រយោគ ឬទម្រង់ពាក្យរិះគន់ ដែលនាំឱ្យគ្រោះថ្នាក់ ដល់បុគ្គលដែលមានពិការភាព អ្នកជំងឺផ្លូវកាយ ផ្លូវចិត្ត ,ទី៧៖ ការសូកប៉ាន់ , ទី៨ ៖ ការរាយការណ៍ពីអំពើបទល្មើស ត្រូវធ្វើបុរេវិនិច្ឆ័យក្នុងអត្ថបទ ឬសេចក្ដីរាយការណ៍ អំពីបទឧក្រិដ្ឋ កំពុងស្ថិតក្រោមការស៊ើបអង្កេត និងចៀសវាងផ្សាយលម្អិត ការប៉ុនប៉ងធ្វើឃាត ការធ្វើឃាតដែលមានលក្ខណៈហួសប្រមាណ និង ទី៩ ៖តួនាទីនិងគុណធម៌ ក្នុងកាលៈទេសៈខ្លះ អ្នកសារព័ត៌មាន គួរពិចារណា ត្រូវជួយសង្គ្រោះជនរងគ្រោះ ជាមុន ប្រសិនបើស្ថិតក្នុងស្ថានការណ៍ចាំបាច់ ដែលជនរងគ្រោះ ត្រូវការជំនួយភ្លាមៗ ឬត្រូវផ្ដល់ព័ត៌មាន ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីជួយជនរងគ្រោះ ។
លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មានបានថ្លែងថា៖ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានមាន សារៈសំខាន់ណាស់។ ក្រមសីលធម៌ មិនមែនជាច្បាប់ទេ តែជាក្រិត្យក្រមមួយរបស់ មនុស្សមួយក្រុម សម្រាប់ឯកភាពគ្នា ដើម្បីអនុវត្តការងារ។
ចំពោះ ក្រមសីលធម៌ លោករដ្ឋមន្ត្រី បានលើកឡើងថា ក្លិបអ្នកកាសែតកម្ពុជា បានជួយបណ្តុះបណ្តាល ជួយសម្របសម្រួលដោះស្រាយបញ្ហារបស់អ្នកកាសែត និងជួយលើកស្ទួយវិស័យសារព័ត៌មាន បានច្រើនណាស់ ក្នុងនាមជាភាតរភាព និងប្រកបដោយវិជ្ជាជីវៈ ។ ក្លិបអ្នកកាសែតកម្ពុជា ជាក្លិបដំបូងគេ ដែលបានលើកពីក្រមសីលធម៌នេះ មកជជែកពិភាក្សា។
លោកបានបញ្ជាក់ថា « ក្រមសីលធម៌ គឺជាអាវក្រោះមួយការពារយើង។ ក្រោមសីលធម៌នេះ ទាក់ទិននឹងរឿងច្បាប់ ការយល់ដឹងអំពីទំនៀមទម្លាប់ ប្រពៃណី សុជីវធម៌ ។ ក្លិបអ្នកកាសែតមួយ ត្រូវតែមានក្រមសីលធម៌មួយ»។
ក្រោយពីបានពិភាក្សា និងការចូល រួមយោបល់ពីអ្នកសារព័ត៌មានអាជីព និងអតីតអ្នកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំ ក.អ.ក បានតាក់តែងបំពេញបន្ថែមនូវក្រមសីលធម៌នៃ វិជ្ជាជីវ:សារព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តវិជ្ជាជីវ: របស់អ្នកសារព័ត៌មានក្នុងកិច្ចការងារប្រចាំថ្ងៃ ប៉ុន្តែ ក.អ.ក យល់ឃើញថាក្រមសីលធម៌ នៃវិជ្ជាជីវ: សារព័ត៌មាន ខាងលើនេះ អាចនៅមានចំណុចចន្លោះប្រហោង ឬមិនពេញលេញ ត្រង់ប្រការណាមួយដោយតម្រូវឱ្យសមាជិក សមាជិកា ក.អ.ក ចូលរួមយោបល់បំពេញបន្ថែម។ដូច្នេះហើយទើប ក.អ.ក រៀបចំវេទិកាខាងលើដើម្បីផ្សព្វផ្សាយផង និងប្រមូលធាតុចូលបន្ថែមពីគ្រប់មជ្ឈដ្ឋានអ្នកសារព័ត៌មានផង៕

អត្ថបទដែលជាប់ទាក់ទង