នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការសម្ពោធបើកដំណើរការសណ្ឋាគារ សាន់ & មូន រីវើសាយ ជាការចូលរួមលើកមុខមាត់ដល់វិស័យទេសចរណ៍
នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការសម្ពោធបើកដំណើរការសណ្ឋាគារ សាន់ & មូន រីវើសាយ ជាការចូលរួមលើកមុខមាត់ដល់វិស័យទេសចរណ៍
ភ្នំពេញ៖ ការថ្លែងដូច្នេះរបស់នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» (SUN & MOON, Riverside Hotel) ស្ថិតនៅជិតស្ពានព្រះមុនីវង្ស រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ការសម្ពោធបើកដំណើរការជាផ្លូវការ «សណ្ឋាគារ សាន់ & មូន រីវើសាយ» (Sun & Moon Riverside) បានចូលរួមចំណែកលើកមុខមាត់ដល់វិស័យទេសចរណ៍ ស្របពេលកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃខាងមុខនេះ។
នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សូមចូលរួមអបអរសាទរជាមួយ ក្រុមហ៊ុនសាន់ & មូន គ្រុប ចំពោះការសម្ពោធបើកដំណើរការជាផ្លូវការ «សណ្ឋាគារ សាន់ & មូន រីវើសាយ» ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញដ៏ស្រស់ត្រកាលរបស់យើង។
នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា «ការបើកដំណើរការសណ្ឋាគារដ៏ទំនើបជាមួយនឹងស្តង់ដារកម្រិតពិភពលោកនេះ គឺស្របពេលដែលកម្ពុជានឹងក្លាយជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយនេះមិនត្រឹមតែជាឱកាសអាជីវកម្មដ៏ល្អសម្រាប់ សណ្ឋាគារសាន់ & មូន រីវើសាយ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការលើកមុខមាត់ដល់វិស័យទេសចរណ៍ និងដល់ប្រទេសកម្ពុជាទាំងមូល តាមរយៈការបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា នៅក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងសេវាកម្មបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់»។
នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងតំបន់ និងលើពិភពលោក ដោយបានប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយខ្លួន ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា «ជារួមនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។ ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះជាដើម ក៏ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។ មួយវិញទៀត ការរីកដុះដាលនៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន»។
នាយឧត្តមេសនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា សម្រាប់ទិសដៅទៅមុខ រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យនេះជាសសរស្តម្ភយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិ និងបន្តជំរុញគាំទ្រវិស័យនេះ ឱ្យក្លាយទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ តាមរយៈការបន្តកែសម្រួលបរិយាកាសធុរកិច្ច, ការចូលរួមអភិវឌ្ឍគោលដៅទេសចរណ៍សំខាន់ៗ និងជាពិសេសការសហការជាមួយវិស័យឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងដល់ការអភិវឌ្ឍនៃវិស័យទេសចរណ៍៕