Banner KNP Detail Top

រដ្ឋបាលស្រុកបាធាយ បញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការបង្ហោះផ្សព្វផ្សាយការជួញដូរសត្វស្លាប និងសត្វព្រៃខុសច្បាប់ ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុច គីឡូ ម៉ែត្រ លេខ៤៧ ស្ពានត្រស់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គឺជារូបភាពចាស់

រដ្ឋបាលស្រុកបាធាយ បញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការបង្ហោះផ្សព្វផ្សាយការជួញដូរសត្វស្លាប និងសត្វព្រៃខុសច្បាប់ ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុច គីឡូ ម៉ែត្រ លេខ៤៧ ស្ពានត្រស់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គឺជារូបភាពចាស់

កំពង់ចាម ៖ សេចក្ដីប្រកាសព័ត៌មាន ថ្មីៗនេះ រដ្ឋបាលស្រុកបាធាយ បានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីមាន Page facebook និង បណ្តាញសង្គមនានា បានបង្ហោះផ្សព្វផ្សាយទាក់ទងទៅនឹងការជួញដូរសត្វស្លាប និងសត្វព្រៃនៅតាមដងផ្លូវជាតិលេខ ៦A (ត្រង់គីឡូម៉ែត្រលេខ៤៩ ចំណុចស្ពានត្រស់)។ តាមការសង្កេត គឺរូបភាពចាស់ហើយបានធ្វើការផ្សព្វផ្សាយតៗគ្នា។
រដ្ឋបាលស្រុកបាធាយ បញ្ជាក់ពាក់ព័ន្ធទៅនឹងការបង្ហោះផ្សព្វផ្សាយការជួញដូរសត្វស្លាប និងសត្វព្រៃខុសច្បាប់ ដែលដាក់លក់តាមបណ្តោយផ្លូវជាតិលេខ៦A ត្រង់ចំណុច គីឡូ ម៉ែត្រ លេខ៤៧ ស្ពានត្រស់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គឺជារូបភាពចាស់ ហើយបានចែករំលែកផ្សព្វផ្សាយតៗគ្នា។
ពាក់ព័ន្ធករណីនេះ កន្លងមករដ្ឋបាលស្រុកបានដាក់ចេញនូវសេចក្ដីជូនដំណឹងលេខ ២៤៥/២១ សជណ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការលួចរក្សាទុក និងការលួចលក់ដូរសត្វព្រៃម្តងរួចមកហើយ និងបានសហ ការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ និងអង្គការ វ៉ាយអេដស៍ ចុះផ្សព្វផ្សាយ ពន្យល់ ណែនាំ ហើយបានអញ្ជើញប្រជាពលរដ្ឋដែលបានលួចបន្លំរក្សាទុក និងលួចលក់ដូរសត្វព្រៃ ឱ្យធ្វើកិច្ចសន្យាជាច្រើនដងរួចមកហើយ និងមានការចាប់ផាកពិន័យជាអន្តរកាល ហើយបានបញ្ជូនជនល្មើសទៅតុលាការម្តងហើយ។
ទោះបីជាអាជ្ញាធរ និងមន្ត្រីជំនាញយើងខិតខំយ៉ាងណាក៏នៅមានជនល្មើសមួយចំនួនតូចលួចបន្លំ ធ្វើការរក្សាទុក និងលួចលក់ដូរសត្វព្រៃ ក្នុងរូបភាពលក់ត្រីងៀត ត្រីឆ្អើរ និងផ្លែឈូក ក្នុងរូបភាពនោះយូរៗម្ដងជនល្មើសបន្លំ លក់សត្វព្រៃ ហើយពេលខ្លះបន្លំយកសត្វស្រុកធ្វើជាសត្វព្រៃដើម្បីលក់។ ជាមួយគ្នានោះរដ្ឋបាលស្រុក នៅតែបន្ត សហការជាមួយមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចបន្តចុះអប់រំណែនាំ និងបង្ក្រាបជាប់ជាប្រចាំ ដើម្បីថែរក្សាការពារ និង អភិរក្សសត្វព្រៃ។
អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ចូលរួមជាមួយរដ្ឋបាល ស្រុកបាធាយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការទប់ស្កាត់ការជួញដូរសត្វព្រៃគ្រប់ប្រភេទ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ សូមមេត្តាបញ្ឈប់ការរក្សាទុក និងលួចលក់ដូរសត្វព្រៃ ហើយជួយសហការជាមួយអាជ្ញាធរ ក្នុងករណីមានការរក្សាទុក ឬលក់ដូរ សូមផ្ដល់លេខទូរសព្ទ ០១២ ៨២៥ ៦៨៤ ឬ ០៧៦ ៧៨៨ ១១១ ដើម្បីចូលរួមសហការ និងទទួលព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង