ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២៣
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២៣
ភ្នំពេញ : យោងតាមការវិវត្តន៍អាកាសធាតុជាសកល តំបន់ ក៏ដូចជាផ្ទៃក្នុងប្រទេស ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២៣ ដូចខាងក្រោម ៖
១- បាតុភូតសកល ៖
ផ្អែកតាមការជូនដំណឹងជាសកល ស្តីពីស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រ ប៉ាស៊ីហ្វិក បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្តៅ មាន ៦០ % និងបាតុភូត អែនសូ (Neutral) មាន ៤០ % ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងឡានីណា (La Nina) ។ ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា បាតុភូតអែលនីណូ (El Nino) អាចនឹងកើនឡើងដល់ ៧០ % ទៅ ៨០ % និងបាតុភូត (Neutral) ថយមកនៅ ២០ % ទៅ ៣០ % ។
២- រដូវវស្សាឆ្នាំ ២០២៣ ៖
ក- ដើមរដូវវស្សា ៖ រដូវវស្សាឆ្នាំ ២០២៣ នឹងចូលមកដល់នៅសប្តាហ៍ទី ២ នៃខែឧសភា យឺតជាងឆ្នាំ ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយបានល្អ យោងតាមស្ថានភាពជាក់ស្តែងនៃចលនាខ្យល់ និងកំដៅ (Thermal Low) និងលក្ខណៈភ្លៀងភាគច្រើនធ្លាក់តាមកន្លែង និងដោយផ្ទាល់(Localize rain) ។ កម្រិតទឹកភ្លៀងមានតិចជាងមធ្យមភាគច្រើនឆ្នាំ ប្រមាណពី ២០ % ទៅ ៣០ % ។ នៅក្នុងដើមរដូវវស្សានេះ នឹងអាចមានការកើតឡើងជាញឹកញាប់ជាយថាហេតុនូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall)។
ខ- ពាក់កណ្តាលរដូវវស្សា ៖ ចាប់ពីខែសីហា ដល់ខែកញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងបរិមាណពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គូរ ជាមួយនឹងលក្ខណៈភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ ។ កម្រិតទឹកភ្លៀងទាបជាងមធ្យមភាគច្រើនឆ្នាំប្រមាណពី ២០ % ទៅ ៣០ % ។ នៅពាក់កណ្តាលរដូវវស្សាខាងមុខនេះ ក៏នឹងអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) ជាបង្គួរផងដែរ ។
គ- ចុងរដូវវស្សា ៖
រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀង ក្នុងកម្រិតពីខ្យោយទៅមធ្យម និងកន្លែងខ្លះអាចមិនទទួលបានភ្លៀង ។ នៅចុងរដូវវស្សា នេះក៏អាចមានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall) ក្នុងកម្រិតជាមធ្យមផងដែរ ពិសេស នៅតំបន់មាត់សមុទ្រ និងតំបន់ជាប់ទន្លេ ។
៣- កូនរដូវប្រាំង ៖
នៅក្នុងរដូវវស្សាឆ្នាំ ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជា នឹងប្រឈមខ្លាំងនូវកូនរដូវប្រាំងដែលអាចកើតឡើង នឹងអូសបន្លាយចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ។
៤- ស្ថានភាពព្យុះ ៖
នៅក្នុងឆ្នាំ ២០២៣ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៤-២៦ ព្យុះ នៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានព្យុះខ្លះ កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជ្រាបជាព័ត៌មាន និងសូមបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕