Banner KNP Detail Top

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហប្រធានដឹកនាំ កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាសហប្រធានដឹកនាំ កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ

(ភ្នំពេញ)៖  នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  បានអញ្ជើញជាសហប្រធានដឹកនាំ កិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តការណ៍អន្តរជាតិ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅនាយកដ្ឋានអង្គរក្ស។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានចង្អុលដឹកនាំ និងបានទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាច្រើន ដើម្បីផ្តល់បទពិសោធន៍ ជាពិសេសទទួលបានជោគជ័យ ក្នុងការការពារកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលជោគជ័យនេះ ក៏មានចំណែកមួយពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងបទពិសោធន៍ជាមួយដៃគូ សហប្រតិបត្តិការរបស់យើងផងដែរ។ ដូច្នេះ កិច្ចប្រជុំនេះ គោលបំណងសំខាន់ គឺការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចសហប្រតិបត្តិការក្នុងការការពារ ជាពិសេសធានាសុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងក្រោយកិច្ចប្រជុំថា កិច្ចប្រជុំនៅថ្ងៃនេះ គឺអនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងការគាំទ្រគ្នាទៅវិញទៅមកលើការផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ធំៗ ជាពិសេសខ្នាតតំបន់ និងអន្តរជាតិ ហើយនៅពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីប្រទេសវៀតណាម ខណៈដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ គឺមិនមានការប្រកួតកីឡាប៉ារ៉ាហ្គេម នោះទេ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាឲ្យបាននូវសុវត្ថិភាព សន្តិសខុស សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ កម្ពុជាក៏បានស្នើសុំកិច្ចសហការពីភាគីមិត្ត ដើម្បីឲ្យជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារព្រឹត្តការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តនេះ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា សម្រាប់ផែនការការពារកងកម្លាំងសមត្ថកិច្ចបានត្រៀមខ្លួនរួចរាល់អស់ហើយ គ្រប់គោលដៅអាទិភាព និងគ្រប់សមាសភាពចូលរួម គឺយើងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែទោះជាយ៉ាងណាយើងក៏នៅមានការបារម្ភផងដែរ ព្រោះថាព្រឹត្តិការណ៍នេះប្រាកដជាមានអ្នកចូលរួមទស្សនា និងចូលរួមគាំទ្រការប្រកួតច្រើនកុះករ ហើយទោះជាយើងបានគិតគូរគ្រប់ជ្រុងជ្រោយរួចក៏ពិតមែន យើងក៏នៅតែបន្តធ្វើបច្ចុប្បន្នភាព និងតាមដានសភាពការណ៍ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ក្នុងនាមតំណាងឲ្យកងកម្លាំងមានសមត្ថកិច្ច និងតំណាងឲ្យកងកម្លាំងពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការពារធានសុវត្ថិភាពព្រឹត្តិការណ៍ស៊ីហ្គាម និងប៉ារ៉ាហ្គេមខាងមុខនេះ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសការរក្សារបៀបរៀបរយ ហើយប្រសិនបើមានប្រការណាមួយថ្នាំងថ្នាក់ដូចជាការបិទផ្លូវ ឬក៏ការរៀបចំក្បួនគណៈប្រតិភូ ដែលនាំឲ្យប៉ះពាល់ដល់ពេលវេលាក្នុងការធ្វើចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋមេត្តាខន្តីអភ័យទោស និងអធ្យាស្រ័យ៕

អត្ថបទដែលជាប់ទាក់ទង