ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចសត្វក្ងាន ១៦ក្បាល ពីខេត្តកំពង់ស្ពឺ យកទៅលក់នៅខេត្តតាកែវ
ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចសត្វក្ងាន ១៦ក្បាល ពីខេត្តកំពង់ស្ពឺ យកទៅលក់នៅខេត្តតាកែវ
ខេត្តតាកែវ ៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំរោង ខេត្តតាកែវបានឃាត់ខ្លួនមុខសញ្ញាចោរកម្មចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣ នាក់ ពាក់ពន្ធករណីនាំយកសត្វក្ងានចំនួន១៦ក្បាលដើរលក់ ដែលជាផលបានមកពីអំពើលួច។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ ហុន វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិពោធិ៍ត្បែង ឃុំនិព្វាន ស្រុកបរសេដ្ឋ ខេត្តកំពុងស្ពឺ ។ និងម្នាក់ឈ្មោះ តេង កុសល ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពោធិ៍ស្លែង ឃុំនិទាន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺដូចគ្នា ។
នៅវេលាព្រឹកថ្ងៃខែខាងលើជនសង្ស័យ៣នាក់បានធ្វើសកម្មភាពលួចសត្វក្ងានបានចំនួន១៦ក្បាល មិនដឹងជាលួចមកពីណាទេ (ដោយពួកគេមិនព្រមឆ្លើយសារភាព) បានយកទៅលក់ឲ្យឈ្មោះ ម៉ក់ ការម្យ ភេទស្រី អាយុ៤៨ ឆ្នាំ រស់នៅភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ខណៈពេលជនសង្ស័យកំពុងលក់ក្ងានទាំង១៦ក្បាលនោះ អ្នកទិញមានការសង្ស័យក៏បានរាយការណ៍តាមទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះទៅពិនិត្យមុខសញ្ញានោះ ។
ក្រោយពីទទួលបានព័ត៌មាននោះភ្លាម និងមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលសិង្ហ បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕