Banner KNP Detail Top

ប្រតិបត្តិការបង្ក្រាបករណីបង្ខាំង និងធ្វើទារុណកម្ម, ចាប់ជនជាតិចិន៥នាក់ និងជួយសង្គ្រោះជនរងគ្រោះជាជនជាតិចិន ៦នាក់

ប្រតិបត្តិការបង្ក្រាបករណីបង្ខាំង និងធ្វើទារុណកម្ម, ចាប់ជនជាតិចិន៥នាក់ និងជួយសង្គ្រោះជនរងគ្រោះជាជនជាតិចិន ៦នាក់


(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្ដិការ ស្រាវជ្រាវស្វែងរកជនរងគ្រោះ ក្រោយទទួលបានពាក្យបណ្តឹងពីជនជាតិចិន ពាក់ព័ន្ធករណីសង្ស័យករណីបង្ខាំង នៅក្នុងទីតាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ដនៅទីតាំងអគារកាស៊ីណូហ្គដដេស មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ដោយរកឃើញជនរងគ្រោះជនជាតិចិន៦នាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា តាមរបាយការណ៍បឋម ស្តីពីលទ្ធផល កិច្ចប្រតិបត្ដិការស្រាវជ្រាវ ស្វែងរកជនរងគ្រោះក្នុងបណ្តឹង ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ Hotline របស់ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ និងបណ្ដឹងលេខ (828) Hotline របស់ក្រុមការងារ សម្ដេចក្រឡាហោម ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ (ស្ទួនគ្នា) ពាក់ព័ន្ធករណីសង្ស័យ ករណីបង្ខាំងនៅក្នុងទីតាំង និងដកយកលិខិតឆ្លងដែន ប្រព្រឹត្ដ នៅទីតាំងអគារកាស៊ីណូហ្គដដេស មានទីតាំងនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។
ជនជាតិចិន១នាក់ ក្នុងចំណោម៦នាក់ បានប្តឹងរាយការណ៍តាមទូរស័ព្ទ ដោយរៀបរាប់ថា៖ គាត់ និងមិត្តភក្ដិជាជនជាតិចិន០៥នាក់ទៀត ត្រូវបានគេបង្ខាំង និងធ្វើទារុណកម្មដោយបង្ហាញ ទីតាំង (Location) ស្ថិតនៅអគារខៃស៊ងគ័រជិ (TRIUMPH INTERNATIONAL) ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ទីតាំងនេះស្ថិតក្នុងបរិវេណ អគារកាស៊ីណូហ្គដដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED)។
ក្រោយទទួលបណ្តឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០នាទី ដោយមានការចង្អុលដឹកនាំពី លោកស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់អគារ ខៃស៊ងគ័រជិ ( TRIUMPH INTERNATIONAL ) ស្ថិតក្នុងបរិវេណទីតាំងអគារកាស៊ីណូហ្គដដេស អហ្វ លីបីធី (GOODES OF LIBERTY ENTERTAINMENT CITY COMPANY LIMITED) ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។
លទ្ធផលនៃការស្រាវជ្រាវ៖ ១- បានរកឃើញជនក្នុងបណ្តឹងទាំង៦នាក់ កំពុងអង្គុយធ្វើការនៅបន្ទប់ជាន់ផ្ទាល់ដីនិង អាចមានតំរុយពាក់ពន្ធ័ករណីរងគ្រោះនូវ ជួញដូរបទសង្ស័យ អំពើជួញដូរ ទិញលក់ និងអំពើបង្ខាំង មនុស្សដោយមានគោលដៅ។ ២-ក្រុមការងារបានរកឃើញក្នុងទីតាំងបន្ទប់ធ្វើការនេះ ពាក់ពន្ធ័ករណីរក្សាទុកអាវុធខុសច្បាប់ និងបាននាំខ្លួនមនុស្សចំនួន៥នាក់ មកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជុំវិញករណីខាងលើនេះ។
សម្ភារៈដកហូតបានរួមមាន៖ ១-កាំភ្លើងចំនួន០២ដើមៈ -ម៉ាកZORAKI 925 ចំនួន០១ដើម មានបង់ចំនួន០២(វែង០១-ខ្លី០១) និងបំពង់ ខ្ទប់សំឡេង ០១ដើម, និងម៉ាកROLO មានលេខDCH1527637-2 ចំនួន០១ដើម។ ២-គ្រាប់កាំភ្លើងចំនួន០២ប្រភេទគឺ៖ ម៉ាក៣៨០ មាន៤ប្រអប់ ចំនួន២០០គ្រាប់ និង គ្រាប់កាំភ្លើងម៉ាក សំរាប់ដាក់ROLO មានចំនួន៩៨គ្រាប់។ ៣-ដំបងឆក់ចំនួន០៤ដើម។ ៤-កាំបិតតាំងតោចំនួន០១ដើម។ ៥-លិខិតឆ្លងដែនចំនួន០៧។ ៦-កាបូបលុយចំនួន០១ និងកាតចំនួន០២ និងទូរស័ព្ទចំនួន០៤គ្រឿង។
ក្រោយកិច្ចប្រតិបតិ្ដការ និងស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អនុវត្តចំណាត់ការដូចខាងក្រោម៖
១៖ បញ្ជូនជនរងគ្រោះជាជនជាតិចិនទាំង០៦នាក់ ជូនផែនការងារនគរបាលអន្ដោប្រវេសន៍បន្ដនីតិវិធី។
២៖ បញ្ជូនសំណុំរឿង និងជនសង្ស័យជាជនជាតិចិន២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ មានតម្រុយក្នុងបទអំពើបង្ខាំង, សង្ស័យជួញដូរមនុស្សដោយមានគោលដៅ និងបទកាន់កាប់រក្សាទុក អាវុធខុសច្បាប់។
៣៖ បញ្ជូនជនជាតិចិនឈ្មោះ JIN FU DOU ស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅកម្ពុជា (គ្មានលិខិតឆ្លងដែន) ទៅផែនការងារនគរបាលអន្ដោប្រវេសន៍បន្ដនីតិវិធី។
៤៖ បន្ដស្វែងរក និងស្នើសុំដីកាចាប់ខ្លួន ជនជាតិចិន និងបក្ខពួក ជាចារីក្នុងអំពើបង្ខាំង និងអំពើជួញដូរមនុស្សដោយ មានគោដៅ និងអាចមានតម្រុយក្នុងបទល្មើសផ្សេងទៀត។ មានអត្ដសញ្ញាណគ្រប់គ្រាន់ (កំពុងគេចខ្លួន)៕
ដោយ ៖ ព្រហ្ម ពៅ

អត្ថបទដែលជាប់ទាក់ទង