Banner KNP Detail Top

មានភ្លៀងបន្តបន្ទាប់ នៅយប់នេះ នឹងភ្លៀងធ្លាក់ថែមទៀត ដោយមានវិសាលភាពកាន់តែធំទៅលើខេត្តនៅជុំវិញរាជធានី

មានភ្លៀងបន្តបន្ទាប់ នៅយប់នេះ នឹងភ្លៀងធ្លាក់ថែមទៀត ដោយមានវិសាលភាពកាន់តែធំទៅលើខេត្តនៅជុំវិញរាជធានី

ភ្នំពេញៈ លោក ចាន់ យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣ថា សីតុណ្ហភាពអតិបរមានៅក្នុងប្រទេសកម្ពុជាពីពេលនេះដល់ដំណាច់ខែមេសាបានចុះទាបមកវិញក្រោយពីមានភ្លៀងធ្លាក់រាយប៉ាយមិនស្មើច្រើនកន្លែងរួចមក គឺចុះមកនៅក្នុងរង្វង់ជាមធ្យម៣៦ អង្សាសេ បន្ទាប់ពីបានឡើងដល់៤០អង្សាសេនៅពេលខ្លះរួចមក។
នៅរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមេសានឹងភ្លៀងធ្លាក់ថែមទៀតដោយមានវិសាលភាពកាន់តែធំទៅលើខេត្តនៅជុំវិញរាជធានី តែមានបរិមាណមិនច្រើនទេ ហើយការធ្លាក់ភ្លៀងជាបន្តបន្ទាប់មកនេះធ្វើឱ្យសីតុណ្ហភាពអតិបរមាចុះមកនៅក្នុងរង្វង់៣៦អង្សាសេនិងភ្លៀងធ្លាក់រាយមិនស្មើនេះអាចកើតមានរាល់ថ្ងៃរហូតដំណាច់ខែមេសា។

អ្នកនាំពាក្យក្រសួងជំនាញបាននិយាយឱ្យដឹងទៀតថា នៅរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែមេសានឹងមានភ្លៀងធ្លាក់រាយប៉ាយលើផ្ទៃដីកាន់តែធំថែមទៀត តែមានបរិមាណមិនច្រើនទេ។រាជធានីនិងបណ្តាខេត្តជុំវិញរាជធានីនឹងមានភ្លៀងធ្លាក់ថែមមកទៀតនៅយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ខែមេសាហើយនឹងមានភ្លៀងធ្លាក់ដោយកន្លែងកើតមានរាល់ថ្ងៃក្នុងសប្តាហ៍នេះធ្វើសីតុណ្ហភាពអតិបរមាស្ថិតនៅក្នុងរង្វង់៣៦អង្សាសេ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣បានជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុសម្រាប់ពីថ្ងៃទី២៦ខែមេសាដល់ថ្ងៃទី២ខែឧសភាថានៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម ជាមួយខ្យល់ប្រែប្រួលនិងក៏អាចកើតមានឡើងនូវសម្ពាធទាបកម្តៅ (Thermal Low )នាំឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងកើតមាននៅគ្រប់តំបន់ ។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ ៣៨អង្សាសេ។ផ្នែកមួយចំនួននៃរាជធានី ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរនៅផ្នែកខ្លះ លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣៥ទៅ៣៧អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាន់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅក្នុងសេចក្តីជូនដំណឹងក្រៅពីប្រាប់ឱ្យសាធារណជនទទួលជ្រាបជាព័ត៍មានក៏បានអំពាវនាឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕
ដោយ ៖ ព្រហ្ម ពៅ

អត្ថបទដែលជាប់ទាក់ទង