សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋទៅមើលស៊ីហ្គេមផ្ទាល់ សូមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋទៅមើលស៊ីហ្គេមផ្ទាល់ សូមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នំា២០២៣នេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «បងប្អូនជនរួមជាទីគោរពស្រឡាញ់! ជាពិសេស ក្មួយៗ យុវជន និងបងប្អូន អ្នកគាំទ្រកីឡា ប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានជំរាបទៅអាជ្ញាធររាជធានី-ខេត្តឲ្យបញ្ចាំងស្លាយ (LED) សម្រាប់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការបើក-បិទ និងការប្រកួតស៊ីហ្គេម ដើម្បីបងប្អូនមានលទ្ធភាពមើលពីខាងក្រៅ។ ហេតុផលគឺស្ថិតនៅត្រង់ថា កន្លែងប្រកួតរបស់យើងគឺមានកម្រិតទទួលចំនួនមនុស្ស។ ស្តាតរបស់យើងគឺមិនធំពេកទេ ក្នុងពេលដែលតម្រូវការមនុស្សចូលមើលយ៉ាងច្រើន។ អាស្រ័យហេតុនេះ ការរៀបចំទីកន្លែងសម្រាប់ការមើលខាងក្រៅគឺជារឿងចាំបាច់ហើយដែលអាជ្ញាធរគ្រប់ទីកន្លែងត្រូវទទួលខុសត្រូវរៀបចំសម្រាប់បងប្អូន ហើយរក្សាសន្តិសុខឲ្យខាងតែបាន»។
សម្តេចតេជោសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំករុណា ខ្ញុំចង់និយាយនៅពេលនេះ ខ្ញុំចង់ឲ្យបងប្អូនដែលស្នេហាវិស័យកីឡា មេត្តាយោគយល់ និងរក្សានូវភាពថ្លៃថ្នូរតាមរយៈនៃការប្រកួតនីមួយៗ។ បទពិសោធនៅឆ្នាំ២០១៦ នៅពេលដែលកម្ពុជាជួបជាមួយទីម័រខាងកើត ពេលនោះមានបងប្អូនយើងមួយចំនួនបានផ្លោះរបងចូលទៅកាន់ទីលានប្រកួតដែលធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់។ ពេលនោះ និងពេលនេះ គឺស្ថានភាពមិនដូចគ្នាទេ កម្ពុជាទទួលនូវភ្ញៀវរាប់ម៉ឺននាក់ ដែលមកកាន់ទីក្រុងភ្នំពេញ និងទៅកាន់ទីកន្លែងប្រកួតដទៃទៀត ដូចជាខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ជាដើម ឬកន្លែងដទៃទៀត ដូច្នេះខ្ញុំសូមស្នើរចិត្តបងប្អូន មេត្តាយោគយល់ សូមកុំឲ្យមានការបាត់បង់សណ្ឋាប់ធ្នាប់ណាមួយ តាមរយៈការមិនគោរពទៅដល់វិធានការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ ឧទាហណ៍ បញ្ហាការចូលមើលសម្រាប់ការប្រកួតកីឡាបាល់ទាត់ ប្រសិនបើពុំមាននូវលិខិតដែលទទួលបានផ្តល់ដោយអ្នកគ្រប់គ្រងនៃការប្រកួតទេ សូមបងប្អូនមើលទៅតាមការបញ្ចាំងស្លាយនៅខាងក្រៅ ដោយអាជ្ញាធរជាអ្នករៀបចំ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងគោរពតាមវិធានសន្តិសុខគឺដើម្បីការពារសុវត្ថិភាព និងមុខមាត់ប្រទេសជាតិ។ អ្នកគាំទ្រជៀសវាងដាច់ខាតការជេរប្រមាថទៅលើក្រុម ឬអត្តពលិកណាមួយទាំងតាមទីកន្លែងទស្សនាផ្ទាល់ និងតាមបណ្តាញទំនាក់ទំនងសង្គម។ ជាពិសេសអ្នកគាំទ្រក្នុងនាមជាម្ចាស់គួរផ្តល់នូវសេចក្តីគោរព ស្រឡាញ់ និងសាមគ្គីភាពដល់ក្រុម អត្តពលិក ប្រតិភូ ព្រមទាំងភ្ញៀវអន្តរជាតិ៕