Banner KNP Detail Top

ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេ ឆ្ពោះមកខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជាហើយ

ព្រះអគ្គិជ័យកីឡា បានចាកចេញពីកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាកសេ ឆ្ពោះមកខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជាហើយ


ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នំា២០២៣នេះ ព្រះអគ្គិជ័យកីឡា (ភ្លើងគប់) កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ បានចាកចេញពីកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាកសេ ខេត្តចំប៉ាសក្ដិ ឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជាហើយ ក្រោយទទួលបានភាពជោគជ័យក្នុងពិធីដង្ហែនៅតាមបណ្តាលប្រទេសក្នុងតំបន់អាស៊ាន និងទីម័រខាងកើត ជាបន្តបន្ទាប់ កាលពីថ្មី ។
មាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះ ដឹកនាំរដោយបេសកជនពិសេសលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាមួយការអមដំណើរដោយលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវផងដែរ ស្របពេលលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ នៅខេត្តយស្ទឹងត្រែងផងដែរ។
សូមបញ្ជាក់ដែរថា លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញទទួលព្រះអគ្គិជ័យកីឡា (ភ្លើងគប់) ពីប្រទេសឡាវ ដែលជាប្រទេសចុងក្រោយ នៃការដង្ហែព្រះអគ្គិជ័យ សម្រាប់ព្រឹត្ដិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ គឺជាវិធីដ៏ល្អមួយ ក្នុងការអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ជាមួយប្រទេសជាមិត្តក្នុងតំបន់ ហើយប្រទេសឡាវ គឺជាប្រទេសក្រោយគេ ក្នុងតំបន់ ដែលបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា មុនដង្ហែត្រឡប់ចូលកម្ពុជាវិញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែ ទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។
ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជា បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ នៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងប្រទេសឡាវ ជាប្រទេសចុងក្រោយ។


កម្ពុជា នឹងដង្ហែព្រះអគ្គិជ័យកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាប ដោយចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាផ្លូវការ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។
SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង