Banner KNP Detail Top

សមត្ថកិច្ចស្រាវជ្រាវសាកសពមនុស្ស ២នាក់ មានសភាពហើមស្អុយ នៅចំណុចភ្នំដុងខួង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង

សមត្ថកិច្ចស្រាវជ្រាវសាកសពមនុស្ស ២នាក់ មានសភាពហើមស្អុយ នៅចំណុចភ្នំដុងខួង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង


ស្ទឹងត្រែង៖ សមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេត ក្រោយពីមានគេប្រទះឃើញមនុស្ស ពីរនាក់ ស្លាប់ក្នុងរោងប្រក់តង់ ជាមួយសម្ភារមួយចំនួន នៅក្នុងព្រៃ។ ករណីនេះ អ្នកភូមិម្នាក់ បានដើរចូលព្រៃ ក៏ឃើញសាកសពមនុស្សចំនួន ពីរនាក់ មានសភាពហើមស្អុយ មើលពុំយល់ កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភ្នំដុងខួង ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទីតាំងកើតហេតុ ចម្ងាយពីភូមិ-ឃុំភ្លុក ប្រហែល ២០ គីឡូម៉ែត្រ។ អ្នកដែលប្រទះឃើញសពដំបូង គឺឈ្មោះ ផិត សុវ៉ាត់ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅឃុំភ្លុក ស្រុកសេសាន។

លោក ផិត សុវ៉ាត់ បាននិយាយប្រាប់សមត្ថកិច្ចថា គាត់បានទៅកាត់បង្គោល របង ហើយបានឃើញសាកសពមនុស្ស ស្លាប់ចំនួន ពីរនាក់ នៅចំណុចភ្នំដុងខួង ហើយបានរាយការណ៍ ជូនមកកម្លាំងសមត្ថកិច្ច។ កម្លាំងអធិការដ្ឋាននគរបាល ស្រុកសេសាន បានសហការជាមួយ កម្លាំងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាស្រ្តខេត្ត រួមជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្លុក ពេទ្យមណ្ឌលសុខភាពកំភុន និងអាជ្ញាធរភូមិ ឃុំ បានចុះទៅដល់កន្លែងកើតហេតុ និងបានសុំការអនុញ្ញាត ពីលោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីធ្វើការពិនិត្យសាកសព។
ក្រោយពីធ្វើការពិនិត្យសាកសព ចំនួន ពីរនាក់ ឃើញថា សពទី១ ឈ្មោះ ផល្លី វណ្ណា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ។ សពមានសភាពហើម ធុំក្លិនស្អុយ។ ដងខ្លួនទាំងមូល សពស្លាប់ដេកផ្អៀង ទៅខាងឆ្វេង ដល់ដី ដោយជើងស្ដាំគងលើគោយន្ដ។ សពពាក់អាវយឺតដៃខ្លី ពណ៌ក្រហម មានសរសេរអក្សរសង្ក្រាន្ដឆ្នាំថ្មី នៅខាងមុខ ស្លៀកខោខ្លីពណ៌ខៀវ ឃើញមានស្នាមរោលឆេះគូទខោ និងឆេះជើងខោ ខាងមុខខាងស្ដាំ និងពិនិត្យ ឃើញមានស្នាមឆេះរោល នៅកំប៉េះគូទ ទាំងសងខាង។ សពស្លាប់បែកក្បាល។ សពទី២ ឈ្មោះ ឡុត ស៊ីសុក្រ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ។ ស្ថានភាពសព មានសភាពហើម ធុំក្លិនស្អុយរលួយ។ ដងខ្លួនទាំងមូល សពដេកស្លាប់ នៅលើដីក្បែរគោយន្ដ មានសភាពផ្ងារ បែរក្បាលទៅទិសខាង កើត។ សពពាក់អាវយឺតដៃខ្លី ពណ៌ប្រផេះ ស្លៀកខោលីអូពណ៌ប្រផេះ មានស្នាម រោលខ្មៅនៅដើមទ្រូង និងផ្ទៃមុខ និងងាប់សត្វឆ្កែ ១ក្បាល ក្រោមគោយន្ដ។
សមត្ថកិច្ច បានបញ្ជាក់ថា សពគេស្គាល់អត្តសញ្ញាណ គឺជាប្រជាពលរដ្ឋ រស់នៅភូមិបានប៊ុង ឃុំភ្លុក ស្រុកសេសាន។ សម្ភារៈប្រើប្រាស់របស់ជនរងគ្រោះ រួមមាន: ១. គោយន្ដកន្រ្តៃយ៍១គ្រឿង, ២. ម៉ាស៊ីនត្រង់ស៊ីន័រ១គ្រឿង, ៣.តង់ ប្រក់គោយន្ដ ពណ៌ខៀវ១, ៤. កាន៣០លីត្រ១ មានសាំងនៅក្នុងកានប្រហែល ១០លីត្រ, ៥. កានពណ៌ខៀវ ចំនួន២ មានទឹក, ៦. ដែកស្បែង១ ដែកត្រសេះ១ រពូថៅ១, ៧. ប៉ាតឹងដាក់សត្វទន្សាយមួយចំនួន, ៨. ស្បែកជើង ២គូ, ៩. អង្រឹង ប៉ារ៉ា១ មានប្រឡាក់ដី, ១០. ភួយពណ៌ស១ នៅលើដីក្បែរសព, ១១. ទូរស័ព្ទដៃ ម៉ាករៀលមី១គ្រឿង និងរបស់របរប្រើប្រាស់ មួយចំនួនផ្សេងទៀត។
នៅកន្លែងសាកសព ស្នាក់នៅមានដើមឈើ ចំនួន ៣ដើម យើងពិនិត្យឃើញ មាន: ១ ដើមផ្ទឹកទ្រេតធម្មជាតិ គ្រៀមស្លឹក ២ ដើមឈ្លីក មានស្លោកស្លឹក៣ កូនដើមសុក្រំ ស្លោកស្លឹក។
លោកគ្រូពេទ្យ ថង សំបូរ ពេទ្យមណ្ឌលសុខភាពកំភុន បានសន្និដ្ឋានថា សពទាំង ពីរនាក់នេះ និង សត្វឆ្កែ ១ក្បាល ស្លាប់ ដោយសារបាតុភូតធម្មជាតិ (រន្ទះបាញ់) ។
សមត្ថកិច្ច សុំការអនុញ្ញាតពីលោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្ត ឲ្យប្រគល់សាកសពទាំង ពីរនាក់ ជូនក្រុមគ្រួសារ សាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង