Banner KNP Detail Top

បុរសម្នាក់ ផឹកស៊ីស្រវឹង រួចចូលផ្ទះរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ វាយកម្ទេចសម្ភារៈក្នុងផ្ទះ និងចាក់សាំងដុតម៉ូតូចោល

បុរសម្នាក់ ផឹកស៊ីស្រវឹង រួចចូលផ្ទះរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ វាយកម្ទេចសម្ភារៈក្នុងផ្ទះ និងចាក់សាំងដុតម៉ូតូចោល


ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរផ្សារដើមអំពិល ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រពន្ធ បានប្រាប់ឲ្យដឹងថា ពួកគាត់បានរៀបការរស់នៅជាមួយគ្នាអស់រយៈពេលជាយូរណាស់មកហើយ រហូតដល់សព្វថ្ងៃនេះ គឺមានកូនចំនួន៣នាក់នៅក្នុងបន្ទុក។ ហើយកន្លងមក ប្តីរបស់គាត់មិនដែលធ្លាប់ប្រើប្រាស់អំពើហិង្សាមកលើរូបគាត់ ឬវាយកម្ទេចសម្ភារៈក្នុងផ្ទះអ្វីនោះទេ។
ស្ត្រីជាប្រពន្ធបន្តថា ប្តីរបស់គាត់បានផឹកស៊ីជាមួយផ្ទះអ្នកជិតខាង លុះដល់វេលាកើតហេតុ ប្តីរបស់គាត់ក៏ត្រឡប់មកដល់ផ្ទះវិញ ក្នុងសភាពស្រវឹងជោកជាំ ហើយពួកគាត់ទាំងពីរនាក់ក៏ទាស់សម្តីគ្នា រហូតឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.កតែម្តង។ ប្តីរបស់គាត់ក៏វាយកម្ទេចសម្ភារៈនៅក្នុងផ្ទះ និងបានយកសាំងមកចាក់ដុតម៉ូតូអាសង់កូរ៉េមួយគ្រឿង ដែលចតនៅខាងក្នុងផ្ទះទៀត បណ្ដាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា។ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកអន្តរាគមន៍ភ្លាមៗផងដែរ។
ស្ត្រីជាប្រពន្ធបញ្ជាក់ថា ខណៈពេលសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍នោះ ប្តីរបស់គាត់មិនព្រមស្តាប់សមត្ថកិច្ចទេ ថែមទាំងស្ទុះទៅទាញយកកាំបិតមកកាន់គំរាមសមត្ថកិច្ច ធ្វើសមត្ថកិច្ចមិនហ៊ានចូលនោះទេ។ គ្រាន់រូបគាត់ (ប្រពន្ធ) ក៏បាននាំកូនៗទាំងអស់រត់ចេញទៅខាងក្រៅផ្ទះ ហើយប្តីរបស់គាត់ក៏បានចូលទៅសង្ងំនៅក្នុងផ្ទះ ដោយចាក់សោពីខាងក្នុងថែមទៀតផង។


ប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លងមក បុរសនេះ ស្លូតបូតស្គាល់ ចាស់ទុំក្នុងភូមិ និងមិនដែលធ្លាប់ប្រព្រឹត្តិអំពើបែបនេះពីមុខមកទេ ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងថា តើបុរសរូបនេះ មានបញ្ហាអ្វីនោះទេ? បានជាប្រព្រឹត្តិអំពើបែបនេះ។ សមត្ថកិច្ចបាននិយាយលួងលោមឲ្យបុរសនេះ បើកទ្វារចេញមកខាងក្រៅ ប៉ុន្តែបុរសរូបនោះមិនព្រមបើកឡើយ។ អស់រយៈពេលជាង២ម៉ោង ទើបសមត្ថកិច្ចសម្រេចទម្លុះទ្វារចូល បុរសរូបនេះ ក៏ព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង