Banner KNP Detail Top

ដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ បានមកដល់ខេត្តស្ទឹងត្រែងហើយ ដើម្បីបន្តដង្ហែចូលរាជធានីភ្នំពេញ

ដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ បានមកដល់ខេត្តស្ទឹងត្រែងហើយ ដើម្បីបន្តដង្ហែចូលរាជធានីភ្នំពេញ


ខេត្តស្ទឹងត្រែង៖ ក្រោយទទួលបានជោគជ័យក្នុងការដង្ហែនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រតិភូពិសេសដង្ហែព្រះអគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ បានមកដល់ខេត្តស្ទឹងត្រែង ដើម្បីបន្តដង្ហែចូលរាជធានីភ្នំពេញតាមខេត្តស្ទឹងត្រែង មុនឆ្ពោះទៅជុំវិញបឹងទន្លេសាប ក្រោមការដឹកនាំរបស់បេសកជនពិសេសលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ហើយដំណើរពីឡាវមកកម្ពុជា អមដំណើរដោយលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ព្រមទាំងមន្រ្តីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកឡាវ និងកីឡាករ-កីឡាការិនីឡាវ ៥រូបផងដែរ ។

សូមជម្រាបថា សម្រាប់ដំណើរមាតុភូមិនិវត្តន៍របស់ព្រះអគ្គិជ័យកីឡានេះដែរ ទទួលការស្វាគមន៍ពីលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន CAMSOC រួមជាមួយថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋរាប់ពាន់នាក់ត្រៀមទទួលស្វាគមន៍ និងអបអរសាទរ នៅខេត្តស្ទឹងត្រែង ។


អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម នឹងសំចតមួយយប់នៅខេត្តស្ទឹងត្រែង បន្ទាប់ពីដង្ហែនៅក្នុងក្រុងស្ទឹងត្រែង និងយកទៅតម្កល់ទុកនៅវត្តស្រះព្រះកែវមុន្នីវណ្ណ (វត្តលើ) ដោយមានរៀបចំពិធីសាសនា និងការពារព្រះអគ្គិជ័យកីឡា ព្រមទាំងមានបាញ់កាំជ្រួចអបអរសាទរដោយរដ្ឋបាលខេត្ត។
បន្ទាប់មកថ្ងៃទី២៨ ខែមេសា អគ្គិជ័យកីឡា និងត្រូវដង្ហែចេញពីទីតម្កល់ដង្ហែឆ្ពោះមករាជធានីភ្នំពេញ ដោយត្រូវឆ្លងកាត់ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល។ ថ្ងៃបន្ទាប់អគ្គិជ័យ នឹងត្រូវដង្ហែទៅកាន់បណ្តាខេត្តជុំវិញបឹងទន្លេសាប ដោយផ្តើមចេញពីវិមានឯករាជ្យ។
គួរបញ្ជាក់ថា អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម នឹងមកដល់ពហុកីឡដ្ឋានជាតិ មរតកតេជោ ម៉ោង៨និង៣០នាទីយប់ ចំថ្ងៃបើកការប្រកួតផ្លូវការថ្ងៃទី០៥ ខែ០៥ ឆ្នាំ២០២៣ខាងមុខនេះ!៕

អត្ថបទដែលជាប់ទាក់ទង