Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការទាមទារដកអភិបាលខេត្តកែប គឺជារឿង ដុតឱ្យខ្លោច រោចឱ្យឆៅ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការទាមទារដកអភិបាលខេត្តកែប គឺជារឿង ដុតឱ្យខ្លោច រោចឱ្យឆៅ


(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការស្ដីបន្ទោសទៅកាន់អភិបាលខេត្តកែប ពាក់ព័ន្ធករណីនេះ ប្រៀបដូចឪពុកស្ដីប្រដៅកូនយ៉ាងដូច្នេះដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការទាមទារឲ្យដកតំណែង លោក សោម ពិសិដ្ឋ ចេញពីអភិបាលខេត្តកែប ពាក់ព័ន្ធរឿងរកភាស៉ីអនាម័យ ជារឿងដុតឱ្យខ្លោច រោចឱ្យឆៅ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កាលពីស្ដីឱ្យអភិបាលខេត្តកែប មានអ្នកថែមអំបិល ប្រហុក ទាមទារឲ្យដកចៅហ្វាយខេត្តកែបចឹង ខ្ញុំសឹងតែថាត្រឡប់ទៅវិញថា កុំដុតឱ្យខ្លោច រោចឱ្យឆៅ។ ល្ងង់វាល្ងង់ហើយ ម៉ែអាណាចូលជាន់ដីកែបយកភាស៉ីនោះ វាល្ងង់ហួស ស្ដីឱ្យដូចកូនអញ្ចឹង»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា មូលហេតុដែលសម្ដេចប្រៀបការស្ដីបន្ទោសទៅកាន់អភិបាលខេត្តកែប ដូចស្ដីឱ្យកូននោះ គឺដោយសារភាពជិតស្និតរបស់លោក សោម ចិន ដែលជាឪពុករបស់លោក សោម ពិសិដ្ឋ ជាទាហាននៅជាមួយសម្ដេចតាំងពីឆ្នាំ១៩៧៨ឯណោះ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ បានចេញបញ្ជាទៅកាន់អភិបាលខេត្តកែប ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ឱ្យបញ្ឈប់ជាបន្ទាន់ការយកប្រាក់ពីប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅខេត្តកែប ចាប់ពីពេលនេះតទៅ ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋអំពីការចំណាយប្រាក់ ថ្លៃភាស៊ីចូលទៅតំបន់កម្សាន្តមាត់ឆ្នេរខេត្តកែប។
កាលនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំទើបនឹងដឹងព្រឹកមិញនេះទេ ដែលអ្នកដែលឆ្លងកាត់ខេត្តកែប ទាំងប៉ុន្មានត្រូវបង់លុយ ខ្ញុំអត់នឹកស្មានថា មានរឿងនឹងកើតឡើងទេ។ ខ្ញុំបញ្ជាឲ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច នឹងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុង នូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈយកប្រាក់សម្រាប់ការចូលខេត្ត ដែលហៅថា ភាស៊ី»៕

អត្ថបទដែលជាប់ទាក់ទង