សម្តេចតេជោ ហ៊ុន សែន ៖ ការមិនយកថ្លៃសំបុត្រ ថ្លៃផ្សាយបន្ត និងថវិការបស់គណៈប្រតិភូកីឡា គឺជាការបង្ហាញឱ្យឃើញពីវិសាលបេះដូងដ៏ទូលំទូលាយរបស់ខ្មែរ
សម្តេចតេជោ ហ៊ុន សែន ៖ ការមិនយកថ្លៃសំបុត្រ ថ្លៃផ្សាយបន្ត និងថវិការបស់គណៈប្រតិភូកីឡា គឺជាការបង្ហាញឱ្យឃើញពីវិសាលបេះដូងដ៏ទូលំទូលាយរបស់ខ្មែរ
(ភ្នំពេញ)៖ ថ្លែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ពេលអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវប្រជាពលរដ្ឋរៀបចំឥរិយាបថឱ្យថ្លៃថ្នូរពេលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏ធំបែបនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការមិនថ្លៃសំបុត្រ ថ្លៃផ្សាយបន្ត និងថវិការបស់គណៈប្រតិភូកីឡា ដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម គឺជាការបង្ហាញឱ្យឃើញពីវិសាលបេះដូងដ៏ទូលំទូលាយរបស់ខ្មែរ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយនេះ ត្រូវចំណាយ ១១៨លានដុល្លារ រាប់ទាំងយើងមិនយកប្រាក់ ៥០ដុល្លារ ពីគណៈប្រតិភូកីឡាករ ដែលយើងត្រូវចំណាយ ៧លានដុល្លារ ក្នុងការចិញ្ចឹមកីឡាករបរទេស។ ខ្មែរ គឺអញ្ចឹង ឲ្យគេស្គាល់ខ្មែរ។ រឿងលុយ ៧លាន វាច្រើនហើយ តែទឹកចិត្តយើងធំធេងជាង ដើម្បីឲ្យមិត្តភក្តិយើងស្គាល់កម្ពុជា»។
បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការមិនយកថ្លៃចំណាយដោយកម្ពុជា អាចជាគំនិតផ្តួចផ្តើម ពេលកម្ពុជាទៅចូលរួមព្រឹត្តិការណ៍ស៉ីហ្គេមនៅប្រទេសគេវិញ គេអាចមិនយកពីកម្ពុជាដូចគ្នា។
សូមជម្រាបថា SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕