Banner KNP Detail Top

តុលាការខេត្តកំពត សម្រេចឃុំខ្លួនអភិបាលរងក្រុងបូកគោ ករណីហិង្សាលើប្រពន្ធ

តុលាការខេត្តកំពត សម្រេចឃុំខ្លួនអភិបាលរងក្រុងបូកគោ ករណីហិង្សាលើប្រពន្ធ

(កំពត)៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនអភិបាលរងក្រុងបូកគោ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធរបស់ខ្លួន។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មាន ទទួលបានតុលាការបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ គឹម បញ្ញា ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាក់ជន (ប្ដីវាយប្រពន្ធ)» ប្រព្រឹត្តនៅចំណុចភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូង ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
សូមជម្រាបថា អភិបាលរងក្រុងបូកគោ ឈ្មោះ គឹម បញ្ញា ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឲ្យចូលបំភ្លឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ក្រោយការបង្ហោះសាររបស់ប្រពន្ធថា លោកបានប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ដោយវាយដំនៅលើប្រពន្ធរបស់ខ្លួន។ ក្រោយកោះហៅ លោក គឹម បញ្ញា បានចូលខ្លួនទៅបំភ្លឺនៅអធិការដ្ឋាននគរបាលក្រុងកំពត។
បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងកំពត កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនលោក គឹម បញ្ញា ទៅកាន់សាលាដំបូងខេត្ដកំពត កាលពីថ្ងៃទី២៧ ខែមេសាម្សិលមិញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាលើប្រពន្ធ។
គណនី Facebook មួយឈ្មោះ Ah Leak បានបង្ហោះថា ខ្លួនត្រូវបានប្ដីដែលមានតួនាទីជាអភិបាលរងក្រុងបូកគោ ខេត្តកំពត ប្រើប្រាស់អំពើហង្សាម្ដងហើយម្ដងទៀត ទាំងដែលប្ដីធ្លាប់បានធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់អំពើហិង្សាលើរូបនាង។
ម្ចាស់គណនីដដែល បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែលមានស្វាមី ឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូតរហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែត នឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំនឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូបនឹង video ទាំងនេះដើម្បីឲ្យបងប្អូននឹងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំ ផងសូមបងប្អូនជួយគិតមើលថា តើទង្វើហិង្សាបែបនេះវាសំនឹងជាអ្នកដឹកនាំទេ (អភិបាលរងក្រុងបូកគោ)»៕

អត្ថបទដែលជាប់ទាក់ទង